ភ្នំពេញ ៖ ពិធីករ លោក ជា វិបុល បានប្រកាសនូវដំណឹង សុំឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដើម្បីសាងផ្នួសបួសជាព្រះសង្ឃ សងគុណមាតាបិតា។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះតែមិនដែលបានលឺលោកបង្ហើបម្តងណាសោះ។
ពិធីបួសក្នុងរយៈពេលខ្លីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២០នាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ព្រះតេជគុណបានបញ្ជាក់ដោយសំណេរជ្រះថ្លាជូនបុណ្យដល់ញាតិមិត្តថា៖«សូមអនុមោទនាបុណ្យដោយថ្លៃថ្លានៃការបួសរបស់ខ្ញុំបាទដែលកើតចេញពីសទ្ធានៃការបួសនេះ សូមអោយកើតជាកុសលដល់ ញាតិ មិត្តបងប្អូនទាំងឡាយ សូមលាចាកឆ្ងាយមួយរយៈដើម្បីបំពេញបុណ្យនៅក្នុងព្រះពុទ្ធសាសនា»។
ព្រះតេជគុណ ក៏បានបន្តដោយពាក្យពេចន៍អរគុណដល់សាច់ញាតិក្នុងការសម្រេចបំណងរបស់ខ្លួនថា៖ «សូមអរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនប្រពន្ធកូនដែលបានចូលរួមអនុមោទនាបុណ្យ»។
ជាមួយគ្នានេះដែរ អ្នកនាង គង់ សុជាតិ ជាភរិយាក៏បានបង្ហោះសារបន្ថែមនូវពាក្យពេចន៍បង្ហាញមោទកភាពក្នុងការសាងផ្នួសរបស់ស្វាមីថា៖«សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា»។ ដំណឹងដ៏ល្អនេះក៏ទទួលបានការសាទរ និងចូលរួមអនុមោទនាបុណ្យពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយពាក្យពេចន៍គោរពថា៖ «សាធុៗដោយជ្រះថ្លា សូមអនុមោទនាលោកបង»៕ដោយ៖ វឌ្ឍនា