ភ្នំពេញ៖ លោកកែវ រ៉េមី បានបញ្ជាក់ថា ក្នុងនាម ជាអាជ្ញាកណ្តាល គឺការផ្តល់ភាព យុត្តិធម៌ ជូនដល់ កីឡាករ កីឡាការិនី គឺមានភាពសំខាន់ ខ្លាំងណាស់ ជាពិសេស មិនត្រូវប្រកាន់ បក្ខពួកនិយម។ ដូច្នេះ ហើយភាពយុត្តិធម៌ ត្រូវមានភាពចាំបាច់ណាស់ ដែលអាចទទួលយកបាន ព្រមទាំងបានជំរុញឱ្យ កីឡាតេក្វាន់-ដូ ITF កម្ពុជា ឱ្យមានការគាំទ្រ ទាំងថ្នាក់ជាតិ និងអន្តរជាតិ រហូតអាចត្រៀមខ្លួន ចូលរួមប្រកួតប្រជែង កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះជាដើម។ ការថ្លែងបែកនេះ ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកម្រិត ក កីឡាតេក្វាន់-ដូ IFT កម្ពុជា រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីត្រៀមខ្លួន ក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក កែវ រ៉េមី រដ្ឋមន្ត្រី ប្រតិភូអម នាយករដ្ឋមន្ត្រី អនុប្រធានសហព័ន្ធកីឡា តេក្វាន់-ដូ អន្តរជាតិ, ប្រធានសហព័ន្ធកីឡា តេក្វាន់-ដូ អាស៊ីអាគ្នេយ៍ និងជាប្រធាន សហព័ន្ធកីឡាតេក្វាន់-ដូ កម្ពុជា បានបន្តទៀតថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យ វិស័យកីឡារបស់កម្ពុជា មានការរីកចម្រើន យ៉ាងខ្លាំង ជាពិសេស វិស័យកីឡាតេក្វាន់-ដូ ITF កម្ពុជា បន្ថែមពីនេះ អន្តរជាតិ ជាច្រើនបានស្គាល់កម្ពុជា តាមរយៈ កីឡានេះតែម្តង។
ជាមួយគ្នានេះ លោក កែវ រ៉េមី ក៏បានក្រើនរំឮក ដល់កីឡាករ កីឡាការិនី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ជាប្រចាំទាំងកម្លាំងកាយ កម្លាំងប្រជា្ញស្មារតី ទងក្បាច់គុន ដើម្បីនាំយកកិត្តិយស ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្នុងនាមជា កីឡាករ ក្រៅពីប្រើកន្លង និងក្បាច់គុន ដើម្បីបណ្តើមមេដាយ និងកិត្តិយសជូនជាតិ ក៏ប៉ុន្តែត្រូវចូលរួមកិច្ចការងារសង្គម និងសហគមផ្សេងៗដែរ។
ជាពិសេស ក្នុងនាម ជាអ្នកដឹកនាំ កីឡាតេក្វាន់-ដូ ITF កម្ពុជា លោក កែវ រ៉េមី ចង់មើលឃើញកីឡាករ កីឡាការិនីកម្ពុជា មិនមែនត្រឹមតែមាន ឈ្មោះល្បីល្បាយ ក្នុងប្រទេសកម្ពុជា តែមួយនោះទេ គឺចង់ឃើញមានវត្ត និងឈ្មោះកីឡាករ កីឡាការិនី នៅក្នុងស្ថាប័នកំពូលៗ និងសហព័ន្ធកីឡា អន្តរជាតិផ្សេងៗទៀត ដែលមានតំណាង របស់កម្ពុជានៅទីនោះ ក្នុងការនាំមកនូវ កេរ្ត៍ឈ្មោះ និងកិត្តិយស ជូនជាតិនៅលើឆាកអន្តរជាតិផងដែរ៕
ដោយ៖ សិលា