អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធ្វើឡើងចំពេលដែលអង្គការសហប្រជាជាតិត្រៀមរៀបចំជំនួបស្តីពីជីវៈចម្រុះមួយនៅក្នុងខែកញ្ញានេះ បានបញ្ជាក់ថា៖ បណ្តាក្រុមហ៊ុនអន្តរជាតិធំៗនៅជុំវិញពិភពលោក បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពថែមទៀតក្នុងការការពារធនធានធម្មជាតិដែលបាត់បង់ ក៏ដូចជាការគាំទ្រការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បន្តថា ក្រុមហ៊ុនអន្តរជាតិចំនួន៥៦០ ដែលមានតម្លៃជាទឹកប្រាក់មានតម្លៃប្រមាណ៤ពាន់ពាន់លានដុល្លារដែលក្នុងនោះមាន Walmart Citigroup និង Microsoft ផង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនសកម្មភាព ជុំវិញការដោះស្រាយបញ្ហាបរិស្ថានសម្រាប់រយៈពេលច្រើនឆ្នាំទៅខាងមុខទៀត។
ក្នុងជំនួបរបស់អង្គការសហប្រជាជាតិនោះ គឺមានបំណងក្នុងការបង្កើតកិច្ចព្រមព្រៀងអន្តរជាតិថ្មីមួយទៀត ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិ ដែលមានសភាពធ្ងន់ធ្ងរទៅពីមួយឆ្នាំទៅមួយឆ្នាំ ដូចដែលកំពុងកើតមានដូចជាករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក និងព្រៃអាម៉ាហ្សូននៅប្រស៊ីលជាដើម។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំង៥៦០ បានលើកឡើងថា៖ «សង្គមដែលមានសុខភាពល្អ សេដ្ឋកិច្ចមាំមួន និងការរីកលូតលាស់នៃអាជីវកម្មអាស្រ័យទៅនឹងធម្មជាតិ។ រដ្ឋាភិបាល ត្រូវតែអនុម័តគោលនយោបាយនាពេលនេះ ដើម្បីស្តារឡើងវិញការបាត់បង់ធនធានធម្មជាតិក្នុងទសវត្សរ៍នេះ»។ ខណៈវិស័យឯកជនបានបង្កើតគំនិតផ្តួចផ្តើមដែលនឹងជួយកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននោះ គោលនយោបាយរដ្ឋាភិបាល ជារឿងចាំបាច់មួយទៀតដែលអាចបើកផ្លូវឲ្យក្រុមហ៊ុនទាំងឡាយចូលរួមកាន់តែច្រើនជាងពេលបច្ចុប្បន្នក្នុងការជួយបរិស្ថាន។
ដោយឡែកនាយកប្រតិបត្តិសម្ព័ន្ធ Business for Nature លោកស្រី Eva Zabey ដែលសម្របសម្រួលក្នុងការចេញសេចក្តីថ្លែងការណ៍ខាងលើ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនបានតាំងចិត្ត និងចេញសកម្មភាពបន្តបន្ទាប់។ ប៉ុន្តែការចាត់វិធានការឲ្យបានរហ័សដើម្បីធានាថាមនុស្សទាំងអស់គ្នាអាចរស់នៅដោយសមស្របលើផែនដីទៅតាមធនធានដែលមានកំណត់នោះ ក៏ជារឿងបន្ទាន់ដែរ។
សូមជម្រាបថា បម្រែប្រមួលអាកាសធាតុ បានក្លាយជាក្ដីសាកលមួយដែលត្រូវបានដំណោះស្រាយបន្ទាន់ និងរហ័ស ប៉ុន្តែគេនៅតែឃើញភាពយឺតយ៉ាវក្នុងការធ្វើសកម្មភាពទៅតាមកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ ទាំងនៅវិស័យឯកជន ប្រជាជនទូទៅ និងកម្រិតរដ្ឋាភិបាលផងដែរ។ ជាក់ស្តែងរបាយការណ៍របស់មូលនិធិសត្វព្រៃពិភពលោក(WWF) បានបង្ហាញថា ថនិកសត្វ សត្វស្លាប ត្រី កង្កែបចំនួន២ភាគ៣ បានវិនាសដាច់ពូជពីភពផែនដីក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការមនុស្សធម៌ Oxfam បានបង្ហាញថា អ្នកមានបំផុត១ភាគរយ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ទ្វេដង ធៀបទៅនឹងអ្នកក្រីក្របំផុត៥០ភាគរយ។ ពោលគឺអ្នកមានបំផុត៦៣លាននាក់ បំពុលបរិស្ថានលើសអ្នកក្រីក្របំផុត៣,១ពាន់លាននាក់ចំនួន២ដងណោះ៕ដោយ៖ស តារា