ខេត្តសៀមរាប៖ ប្រសិនបើមេឃស្រឡះល្អ យើងនឹងឃើញព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្ត។ ជារៀងរាល់ឆ្នាំរៀងរាល់ថ្ងៃទី២០ខែមីនា និងថ្ងៃទី២២ខែកញ្ញា ត្រូវបានចាត់ជាថ្ងៃ equinox ( វិសុវ ឬ សមរាត្រី ) ជាថ្ងៃដែលរយៈពេលនៃពេលថ្ងៃ ស្មើគ្នានឹងពេលយប់ ។
ទាំងអស់គ្នាប្រាកដជា ចម្លែកនូវពាក្យ វិសុវ នេះ ដោយសារតែមិនធ្លាប់ឮ ហើយក៏មិនមានក្នុងវចនានុក្រមដែរ ដោយសារពាក្យនេះជាពាក្យសំស្ក្រឹត នៅសម័យបុរាណខ្មែរយើងក៏ធ្លាប់ប្រើប្រាស់ពាក្យនេះផងដែលពោលគឺនៅសិលាចារឹកលេខ K.374 មានពាក្យ “វិឝុវសំក្រាន្ត” (វិសុសង្ក្រាន្ត) ដែលមានន័យថា ដំណើរឈានដល់ថ្ងៃ វិសុវ ឬ ថ្ងៃសមរាត្រី។
នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ឃើញមានប្រើពាក្យ អយនកាល ដោយអោយសេចក្តីថា “សំ. បា. < អយន “ផ្លូវ; គន្លង; សុរិយគតិ” + កាល ) សុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នា “។
បច្ចុប្បន្នគេនិយមប្រើពាក្យ សមរាត្រី ដោយបកប្រែត្រង់ៗមកពីពាក្យ equinox (equi = equal : សមភាព nox = night :យប់ )។ តែងមានអ្នកយល់ច្រឡំថា ពាក្យសមរាត្រីនោះសំដៅលើពេលយប់ តាមពិតសមរាត្រី សំដៅលើ ថ្ងៃដែលរយៈពេលដែលពេញថ្ងៃនឹងពេលយប់សឹងស្មើគ្នា៕
ប្រភព៖ ទទក