ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានម្ដាយចិត្តអប្រិយយកមកប្លុងចោលក្នុងធុងសំរាមនៅរង្វង់មូលវត្តភ្នំបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំគ្នាចោមរោមមើល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចរង្វង់មូល នាឡិកាវត្តភ្នំ ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នកបោសសំរាមបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែលជា៥ព្រឹក គាត់បានឃើញនារីម្នាក់បានយួរស្បោង ពណ៌ខ្មៅមកបោះចោលនៅក្នុងធុងសំរាម ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍អ្វីនោះទេ លុះរហូតដល់ម៉ោង៦ព្រឹក ពេលគាត់បោសសំរាមរួចបានប្រមូលសំរាមយកទៅបោះចោលក្នុងធុងសំរាម តែដោយគាត់មិនអស់ចិត្តក៏បានបើកមើលថង់ខ្មៅនោះ ក៏ប្រទះឃើញប្រអប់ពណ៌សមួយដែលមានសរសេរលេខបន្ទប់លេខ២០៣ ក៏ឃើញទារកកើតមិនគ្រប់ខែរំុកន្សែង នៅក្នុងប្រអប់នោះ ទើបគាត់រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យមើល។
ក្រោយពីទទួលបានដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ទីតាំងខាងលើ រួមជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីយកសពទារកខាងលើទៅបូជាតាមប្រពៃណី៕
ដោយ៖ រ៉ារ៉ា