ក្លិប Barcelona បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្តល់លក្ខខណ្ឌខ្ចីជើងដល់កីឡាករអន្តរជាតិសេណេហ្គាល់ Moussa Wague ទៅកាន់ក្លិប PAOK Salonika របស់ក្រិកសម្រាប់រដូវកាលដែលនៅសល់។
កិច្ចព្រមព្រៀងនេះនឹងក្លាយជាការខ្ជីជើងលើកទី២របស់ Wague ក្នុងរយៈពេល២រដូវកាលបន្ទាប់ពីគាត់បានចំណាយកាលពីរដូវកាលមុនលេងឲ្យក្លិប Nice នៅប្រទេសបារាំង។
កីឡាករវ័យ២១ឆ្នាំរូបនេះលេងបានតែ៤ប្រកួតប៉ុណ្ណោះនៅក្លិប Barcelona និងមិនបានចូលរួមក្នុងការប្រកួតមិត្តភាពមុនរដូវកាលរបស់ក្លិបឡើយដោយបញ្ជាក់ថា គាត់មិនស្ថិតក្នុងផែនការរបស់គ្រូបង្វឹកថ្មីរបស់ Barcelona លោក Ronald Koeman ទេ។
ក្លិប POAK បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅប្រទេសក្រិកកាលពីរដូវកាលមុន និងមួយសប្តាហ៍មុនបានផ្តួលក្រុមព័រទុយហ្គាល់ Benfica ក្នុងលទ្ធផល ២-០ ដើម្បីកក់កៅអីមួយក្នុងវគ្គជម្រុះមុនវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាលនេះ។
ជាមួយគ្នានេះសារព័ត៌មានកីឡាដែលមានមូលដ្ឋាននៅទីក្រុងបាសេឡូណាបានរាយការណ៍ថា ខ្សែប្រយុទ្ធ Luis Suarez និងក្លិបបានឈានដល់កិច្ចព្រមព្រៀងដើម្បីលុបចោលកុងត្រារបស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ ហើយអនុញ្ញាតឱ្យរូបគេចាកចេញពីកិច្ចសន្យាឥតគិតថ្លៃ។ ឥឡូវនេះ Suarez កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Atletico Madrid របស់លោក Diego Simeone ដែលបានត្រៀមអនុញ្ញាតឱ្យ Alvaro Morata ចូលរួមជាមួយ Juventus ៕
ដោយ៖ ភារៈ