អន្តរជាតិ៖ បន្ទាប់ពីសត្វបក្សីមួយក្បាល បានហោះចូលម៉ាស៊ីនយន្តហោះរបស់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) ក៏បានវិលត្រឡប់មកកាន់អាកាសយានដ្ឋានមួយនៅទីក្រុង មែនឆេសស្តឺរ (Manchester) ភាគឦសាននៃរដ្ឋ ញូហិមភ៍សឺរ (New Hampshire) សហរដ្ឋអាមេរិកវិញភ្លាមៗ នៅល្ងាចថ្ងៃអង្គារទី២២ ខែកញ្ញា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។
បើតាមសម្តីលោកស្រី តាម៉ារ៉ា ខេត (Tamara Keith) អ្នកឆ្លើយឆ្លងពត៌មាននៅសេតវិមានរបស់អាមេរិក បានគូសបញ្ជាក់ថា៖ «កំឡុងពេលធ្វើការហោះហើរឡើងភ្លាម យន្តហោះ Air Force 2 បានបុកសត្វបក្សីមួយក្បាល។ ដោយមានការប្រុងប្រយ័ត្នខ្ពស់ យន្តហោះនេះក៏បានវិលត្រឡប់មកកាន់ទីក្រុង Manchester វិញដោយសុវត្ថិភាព»។
លោកស្រី តាម៉ារ៉ា ខេត បានបញ្ជាក់ទៀតថា ក្នុងការធ្វើដំណើររបស់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន និងបុគ្គលិករបស់លោក មិនមានគ្រោះថ្នាក់អ្វីនោះទេ ក្រោយហេតុការណ៍ខាងលើនេះកើតឡើង។ បន្ទាប់មកលោក ភែន និងមន្ត្រីអមដំណើរ ក៏បានសម្រេចប្រើប្រាស់យន្ដហោះដឹកទំនិញមួយគ្រឿង ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ៕ដោយ៖ស តារា