ក្រសួងសុខាភិបាល៖ អនុញ្ញាតឲ្យ ទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល គឺ ការអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២០ ។ 

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើលិខិតលេខ ២០២ សខល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ក្នុងការអនុញ្ញាតឲ្យ ទស្សនិកជនចូលទស្សនាការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២០ ដោយអនុញ្ញាតឱ្យមានអ្នកចូលទស្សនាចំនួន១០% នៃចំនួនកៅអីសរុប ក្នុងពហុកីឡដ្ឋាននីមួយៗ តែត្រូវគោរពនូវវិធានការ ដូចខាងក្រោម៖ 

បន្តការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាតាមទូរទស្សន៍/ហ្វេសប៊ុក។

– បង្កើតគណៈកម្មការត្រួតពិនិត្យការប្រកួតកីឡាតាមក្លិប ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសមាសភាព គណៈកម្មការត្រូវមាន (១) អ្នកទទួលខុសត្រូវក្លិបកីឡា និង (២) គ្រូពេទ្យប្រចាំក្លឹបកីឡា។

អ្នកចូលទស្សនាត្រូវ ចុះឈ្មោះជាមុនតាមប្រព័ន្ធអនឡាញ ដោយកំណត់នូវទីតាំងកៅអី និងអស័យដ្ឋាន ច្បាស់លាស់ រួមទាំងលេខទូរស័ព្ទ។

– ក្លឹបនីមួយៗត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលដែលបាននឹងកំពុងអនុវត្ត ដូចជា៖ ត្រូវមានម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ដែលមានបំពាក់កាមេរ៉ា និងបាញ់អាល់កុលសម្លាប់មេរោគ នៅច្រកចូលនៃពហុកីឡដ្ឋាន

អ្នកទស្សនាទាំងអស់ត្រូវពាក់ម៉ាស់រហូតក្នុងអំឡុងពេលប្រកួត ក្លឹបនីមួយៗត្រូវមានអាល់កុល ឬជែលលាងដៃគ្រប់គ្រាន់សម្រាប់អ្នកចូលទស្សនា ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល កីឡដ្ឋាននីមួយៗត្រូវមានបង្គន់អនាម័យគ្រប់គ្រាន់ (បង្គន់មួយសម្រាប់មនុស្សពី២៥ ទៅ៥០នាក់ បើអាច)។

មិនអនុញ្ញាតឲ្យទស្សនិកជនដែលមានជំងឺផ្តាសាយចូលទស្សនាការប្រកួត រឡើយ។ ក្លឹបកីឡាណាដែលមិនបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យមាន ទស្សនិកជនចូលទស្សនាឡើយ។

បើរកឃើញទស្សនិកជនណាដែលមានជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងផ្អាកមិនឲ្យមានទស្សនិកជនចូលទស្សនាជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ហេតុដូចនេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ត អនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ការចម្លងចូលនិងកុំឲ្យមានសហគមន៍របស់យើងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់៕

 

 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print