មេដឹកនាំកំពូលចិន អះអាងប្រាប់​ពិភពលោក​ថា៖ ប្រទេសចិន​នឹង​ឈប់​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​លើស​កម្រិត​ត្រឹម​ឆ្នាំ ២០៦០

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារទី ២២ ខែកញ្ញា ឆ្នាំ២០២០ បានប្តេជ្ញាជាផ្លូវការថា៖ ប្រទេសចិននឹងប្រែក្លាយខ្លួនជាប្រទេសដែលមិនបញ្ចេញឧស្ម័នផ្ទះកញ្ចក់លើសកម្រិតទៅកាន់បរិយាកាសក្នុងរយៈពេល៤០ឆ្នាំខាងមុខ​​ ហើយនេះជាការប្តេជ្ញាចិត្តថ្មីមួយក្នុងការឈានទៅដឹកនាំពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសាកល

ការលើកឡើងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានលើកឡើងពីគោលដៅច្បាស់លាស់របស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្របពេលចិនជាប់ឈ្មោះជាប្រទេសដែលនាំមុខគេខាងបំពុលបរិយាកាសពោលគឺ មួយភាគបួនឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក គឺចេញពីចិន អ្វីដែលសំខាន់ ចិនក៏រងការស្តីបន្ទោសខ្លាំងដែរ ចំពោះការរួមចំណែកបំពុលបរិយាកាសដែលជាហេតុផលចម្បងដែលធ្វើឲ្យកម្តៅផែនដីកើនឡើងយ៉ាងឆាប់រហ័សនោះ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP

មេដឹកនាំចិនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖«​យើងព្យាយាមធ្វើឲ្យការបំភាយឧស្ម័នកាបូនិកើនដល់កម្រិតខ្ពស់បំផុតត្រឹមឆ្នាំ ២០៣០ហើយសម្រេចអោយបានបញ្ឈប់ការបញ្ចេញឧស្ម័នលើសកម្រិតនៅត្រឹមឆ្នាំ ២០៦០»​

ជាក់ស្តែង លោក ស៊ី ជីនភីង នៅក្នុងសុន្ទរកថាដដែលនោះ ក៏បានប្រកាសគាំទ្រជាថ្មីចំពោះកិច្ចព្រមព្រៀងស្តីពីអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ហើយលោកក៏បានអំពាវនាវឱ្យពិភពលោកផ្តោតលើការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន ខណៈពេលដែលពិភពលោកកំពុងងើបឡើងវិញពីវិបត្តិកូវីត ១៩

បើនិយាយមែនទែនទៅ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសចិនបញ្ជាក់ថា៖ ការបំភាយឧស្ម័នកាបូនិរបស់ខ្លួនឈានកម្រិតខ្ពស់បំផុតនៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែទោះជាបែបនេះក្តី សហភាពអឺរ៉ុបព្យាយាមជំរុញឲ្យមហាអំណាចអាស៊ីមួយនេះបង្កើនមហិច្ឆតារបស់ខ្លួនឲ្យខ្ពស់ជាងនេះ ដោយធ្វើឲ្យកម្រិតខ្ពស់បំផុតនៃការបំភាយឧស្ម័នកាបូនិកើតឡើងត្រឹមឆ្នាំ ២០២៥ វិញ នេះក៏ដោយហេតុថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពយឺតយ៉ាវក្នុងការឈានទៅប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសាកលតាមរយៈការកាត់បន្ថយឧស្ម័នកាបូនិចនេះ

ទន្ទឹមនឹងនេះ លោក ស៊ី ជីនភីង ក៏បានបន្តសុន្ទរកថារបស់ខ្លួនដោយស្នើឲ្យប្រទេសទាំងអស់បន្តការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិត ធានាធ្វើយ៉ាងណាបន្ថយផល់ប៉ះពាល់លើបរិស្ថានឲ្យកាន់តែតិចតួចបំផុត និងជំរុញការបើកចំហសម្រាប់ការអភិវឌ្ឍទាំងអស់គ្នា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print