គ្រួសារមួយនៅទីក្រុង Brooklyn បានឲ្យដឹងថា ផ្ទះសម្រាប់ចតរថយន្តដែលមានរថយន្តសម្រាប់ធ្វើដំណើរមួយគ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿងត្រូវក្រុមជនមិនស្គាល់មុខដុតបំផ្លាញ។ មូលហេតុដែលឈានដល់ការដុតបំផ្លាញនេះ គឺដោយសារតែមានទង់“Trump 2020”។
ក្រុមជំនាញFBI និង ATF ត្រូវបានហៅទៅស្រាវជ្រាវការដុតផ្ទះរបស់ លោក Denis និង Deana Molla។ លោក Denis បានលើកឡើងថា «ខ្ញុំបានឮសំឡេងផ្ទុះខ្លាំង ហើយមានអណ្តាតភ្លើងឆេះ។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើដំបូងគេនោះគឺកូនៗនិងប្រពន្ធខ្ញុំ ហើយខ្ញុំក៏មិនដឹងថាមានរឿងអ្វីកំពុងតែកើតឡើងនោះដែរ។
អ្នកដែលដុតបំផ្លាញបានសរសេរ អក្សរដែលមានខ្លឹមសារថា “Biden 2020”, “BLM” (Black Lives Matter)។ ក្រុមជំនាញបានសន្និដ្ឋានថាជាសកម្មភាពរបស់ក្រុម ប្រឆាំងលោកត្រាំ ។ លោកDenis បានឲ្យដឹងថា លោកបានឃើញមនុស្ស៣នាក់រត់ចេញពីផ្ទុះ ប៉ុន្តែលោកមិនអាចធ្វើអ្វីបានឡើយក្រៅពីព្យាយាមដឹកកូនពីរនាក់ដែលមានអាយុ២ឆ្នាំ និងកូនតូចអាយុ៥ខែ ព្រមទាំងភរិយារបស់លោកចេញដោយសុវត្ថិភាព។ លោកDenis បានបញ្ជាក់ថា «ចំណុចសំខាន់គឺគ្រួសារខ្ញុំមានសុវត្ថិភាព ការឆាបឆេះសម្ភារមិនមែនជារឿងសំខាន់ជាងគ្រួសារខ្ញុំឡើយ។
លោកDenis បានបន្តទៀតថា ចាប់តាំងពីលោកដាក់ទង់លោកត្រាំ មានមនុស្សជាច្រើនបើករថយន្តឆ្លងកាត់ចាប់អារម្មណ៍យ៉ាងខ្លាំង មិនតែប៉ុណ្ណោះមានអ្នកខ្លះទៀតក៏បានថតយករូបភាពទៀតផង។
ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ខែវិច្ឆិកាខាងមុខ គឺជារឿងសំខាន់បំផុត ពលរដ្ឋអាមេរិក មួយចំនួនធំបានបង្ហាញការមិនពេញចិត្តនឹងប្រធានាធិបតីត្រាំ ដែលបានដឹកនាំអាមេរិករយៈពេលជិត៤ឆ្នាំកន្លងមក ៕