ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខណៈដែលពួកគេបានធ្វើសកម្មលួចយកធុងបាស់និងអាំភ្លី ក្បាលចាក់ឌីសបានហើយតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ។
ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង១០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័ទី១ឈ្មោះ កុយ សុភ័ក្រ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិមច្ឆាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិត្នោ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២ គ្រុយ គឹមស្រ៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់តែបៃតង ស្នាក់នៅផ្ទះលេខ២៧A.ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកដើមបណ្តឹងមានឈ្មោះ ឈុំ ឈាង ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរ អនុប្រធានភូមិអូបែកក្អម ស្នាក់នៅផ្ទះលេខ៣៦៤ ក្រុម៦ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្តីជនរងគ្រោះបានអោយដឹងថារូបគាត់បានទុកសម្ភារៈភ្លេងមានដូចជាធុងបាស់២គ្រាប់ អាំភ្លី១ ក្បាលចាក់ឌីស១ តេឡេ១ និងក្បាលមីក្រូហ្វូនចំនួន២ ទុកលើផ្ទះជាន់ទី១គ្រាន់ច្រៀងលេងថ្ងៃចូលឆ្នាំចិនហើយមិនទាន់បានយកមកក្រោមវិញលុះដល់យប់កើតហេតុរូបគាត់មិនបានបិទទ្វារផ្ទះខាងលើទេទើបក្រុមចោរងាយស្រួលក្នុងការលួច។ សមត្ថកិច្ចបានអោយដឹងថាមុនពេលឃាត់ខ្លួនកម្លាំងល្បាតបានធ្វើការនៅចំណុចខាងលើហើក៍មានប្រជាពលរដ្ឋបានរាយការណ៍ថាមានជនសង្ស័យទាំងពីរនាក់កំពុងតែជញ្ជូនធុងបាស់ចេញពីផ្ទះខាងលើនិងបានហៅម៉ូតូឌុបជិះភ្លាមនោះកម្លាំងសមត្ថកិច្ចដែលធ្វើល្បាតបានទៅដល់ឃើញជាក់ស្តែងក៍ឃាត់ខ្លួនតែម្តង។
តាមការឆ្លើយសារភាពរសប់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចថារូបគេពិតជាបានធ្វើសកម្មភាពលួចយកសម្ភារៈខាងលើពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ចំណែកវត្ថុតាងសមត្ថកិច្ចប្រគល់អោយទៅជនរងគ្រោះវិញ៕
ដោយ៖ តុង សីហា