ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ប្រធានការិយាយាលយ័អប់រំស្រុក កម្លាំងអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក បានទទួលស្វាគមន៍ និងអមដំណើរ លោក តោ គិមស៊ាន និងលោកស្រី ស៊ុន សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តាមសាលាដែលទើបបើកដំណើការឡើងវិញនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តសៀមរាប។
តាមរយៈការចុះពិនិត្យនិងសំណេះសំណាលនេះ លោក លោកស្រី ប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់លោកនាយក នាយការ និងលោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរក្សាគម្លាតអង្គុយរបស់សិស្សានុសិស្ស ការរៀបចំអោយមានសម្ភារ អាល់កុល សាប៊ូតាមបណ្តាមុខបន្ទប់អគារ និងការពាក់ម៉ាស់ជាប្រចាំ។ ជាមួយគ្នានេះ ក៏សង្កេតនិងឃើញទឹកមុខរីករាយរបស់សិស្សានុសិស្សក៏ដូចជាអាណាព្យាបាល ក្រោយពីសាលាត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញ។
ទន្ទឹមនឹងនេះ លោក លោកស្រី ក៏បានផ្តល់អនុសាសន៍ល្អៗ និងសូមអោយយើងទាំងអស់គ្នាបន្តប្រុងប្រយត្ន័អោយបានជាប្រចាំនូវការថែរក្សាសុខភាពនិងអនាម័យអោយបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត នៅតាមសាលានីមួយៗ ត្រូវធ្វើការអប់រំដល់សិស្សានុសិស្សឱ្យមានការម៉ាស់ និងការរក្សាគម្លាតឱ្យបានត្រឹមត្រូវ ជៀសវាងមានការឆ្លងជំងឺកូវីដ១៩ ដល់សហគមន៍ មួយវិញទៀតប្រសិនបើមានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ជូនដល់អាជ្ញាធរក្រុង ស្រុកឱ្យបានទាន់ពេលវេលា៕
ដោយ៖ សិលា