ទីបំផុត! ចៅក្រម​អាមេរិក ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​TikTok ពី App store និង Play store​

ចែករំលែក៖

អន្តរជាតិ៖ ទីបំផុត! ​កម្មវិធី​TikTok ពី App store និង Play store ត្រូវបានចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ២០២០ ​ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន​បម្រាម​ដែល​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​ទាំងអស់នេះ ។ ការចេញ​ដីកា​នេះ ធ្វើឡើង​ប៉ុន្មាន​ម៉ោង​មុន​បម្រាម​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ ត្រូវ​ចូល​ជា​ធរមាន​។

​បើតាមការអះអាងរបស់ចៅក្រម​សហព័ន្ធ​មកពី​រដ្ឋ​វ៉ាស៊ីនតោន លោក Carl Nichols ដែល​ចេញ​ដីកា​ផ្អាក​បណ្តោះអាសន្ន នូវ​ការអនុវត្ត​បម្រាម​របស់​ក្រសួងពាណិជ្ជកម្ម ក្រោយ​មានការ​តវ៉ា​ពី​សំណាក់​ក្រុមហ៊ុន TikTok ។ លោក លើកឡើងថា វិធាន​ការដែល​ហាម​មិន​ឲ្យ​ទាញយក​កម្មវិធី​នេះ ជាការ​ដកហូត​សិទ្ធិ​យ៉ាងសំខាន់​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​ឡើយ ដោយ​រង់ចាំ​ការជជែក​ជាមួយ​ភាគី​ដើមបណ្ដឹង និង​ចុង​បណ្ដឹង​សិន មុននឹង​បញ្ចេញ​ដីកា​ជា​សាធារណៈ​។

​ជាក់ស្តែង នៅក្នុង​សវនាការ​ថ្ងៃទី​២៧ ខែកញ្ញា ចៅក្រម Nichols ក៏បាន​ច្រានចោល​ការស្នើ​មួយទៀត​របស់​TikTok ដែល​ទាមទារ​មិន​ឲ្យ​អនុវត្ត​នូវ​បម្រាម​មួយ​ផ្សេងទៀត​របស់​ក្រសួងពាណិជ្ជកម្ម​។ បម្រាម​មួយ​ផ្សេងទៀត​របស់​ក្រសួងពាណិជ្ជកម្ម ដែល​នឹង​ចូល​ធរមាន​នៅ​ថ្ងៃទី​១២វិច្ឆិកា គឺ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អ៊ី​ធឺ​ណិ​ត ផ្តល់​សេវា ដល់​ក្រុមហ៊ុន TikTok​។ ចំណែកក្រុមហ៊ុនTikTok វិញថា បម្រាម​ខាងលើ​នោះ នឹងធ្វើ​ឲ្យ​កម្មវិធី​របស់ខ្លួន​មិនអាច​ប្រើប្រាស់​បានតែ​ម្តង​។​

​ដោយឡែកក្រសួងយុត្តិធម៌​អាមេរិក ទាក់ទងនឹង​ការហាម​ប្រាម​ទាញយក​វិញ ក៏បានប្រតិកម្ម​ទៅនឹង​ដីកា​នេះ​ថា៖ ការបន្ត​ឲ្យ​ពលរដ្ឋ​អាមេរិក​នៅ​អាច​ទាញយក​កម្មវិធី TikTok ជាការ​ជ្រៀតជ្រែក​ទៅនឹង​ការសម្រេចចិត្ត​លើ​បញ្ហា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី កែប្រែ​បរិបទ​នៃ​ការចចារ​រវាង​TikTok និង​គណៈកម្មការ​វិនិយោគ​អាមេរិក​។ បន្ថែមពីនេះ វា​ក៏​ជាការ​បណ្តោយ​ឲ្យ​ព័ត៌មានរ​ស៊ើប​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok និង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ថ្មី​ប្រ​ឈ​មុខ​គ្រោះថ្នាក់​ផងដែរ​។

យ៉ាងណាមិញ TikTok បាន​ចរចា​ជាមួយ Oracle និង​Walmart ដើម្បី​បន្ត​រកស៊ី​នៅ​អាមេរិក ហើយ​កិច្ចព្រមព្រៀង​នេះ ស្ថិតក្រោម​ការវាយតម្លៃ​របស់​គណៈកម្មការ​វិនិយោគ​បរទេស​អាមេរិក​។​ ព្រោះកន្លងមក TikTok បាន​លើកឡើងថា ហេតុផល​នៃ​ការ​រឹតត្បិត​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក មិនមែន​ដោយសារ​រឿង​សន្តិសុខ​ជាតិ​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​ហេតុផល​នយោបាយ ដែល​ទាក់ទង​នឹង​ការបោះឆ្នោត​នាពេលខាងមុខ​។

ជាមួយគ្នានេះដែរ ​មេធាវី​តំណាង TikTok បាន​លើកឡើងថា ការហាម​មិន​ឲ្យ​ទាញយក​នេះ គឺ​មិន​ធ្លាប់មាន និង​មិន​សម​ហេតុផល​។ លោក​បន្តថា តើ​មាន​ហេតុផល​យ៉ាងដូចម្តេច​ក្នុងការ​ហាមឃាត់​មិន​ឲ្យ​ទាញយក​កម្មវិធី​នេះ ខណៈ​ការ​ក្រុមហ៊ុន​កំពុង​ធ្វើ​ការចចារ​។ លោក​ថា នេះ​គឺជា​ការ​ធ្វើបាប​ក្រុមហ៊ុន និង​គ្មាន​បញ្ហា​បន្ទាន់​អ្វី​ឡើយ​។​

បើតាមក្រសួងពាណិជ្ជកម្ម​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែកញ្ញាកន្លងទៅ បាន​ពន្យារពេល​ការអនុវត្ត​បម្រាម​ហាម​ទាញយក​កម្មវិធី TikTok រយៈពេល​១​សប្តាហ៍ ដោយ​ផ្តល់​ពេល​ឲ្យ​ក្រុមហ៊ុន​TikTok Oracle និង Wallmart សម្រេច​កិច្ចព្រមព្រៀង​ប្រតិបត្តិការ TikTok នៅក្នុង​ទឹកដី​អាមេរិក​។ ខណៈដែលរដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែង​លើកឡើងថា​ ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​អាមេរិក​ជិត​១០០​លាន​នាក់ អាច​នឹង​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​។​

​គួរបញ្ជាក់ថា កាលពី​ថ្ងៃទី​២០​ ខែកញ្ញាកន្លងទៅ​ ចៅក្រម​សហព័ន្ធ Laurel Beeler នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដែល ក៏បាន​ចេញ​ដីកា​មួយ​ហាមប្រាម​ការអនុវត្ត​បញ្ជា​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ហាម​មិន​ឲ្យ​ទាញយក​កម្មវិធី​WeChatផងដែរ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print