ភ្នំពេញ៖ ជនសង្ស័យ៤នាក់មានទាំងកាំភ្លើងខ្លី១ដើមផង ជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយអាជ្ញាធរមូលដ្ឋានឃាត់ខ្លួននិងធ្វើការបង្ហាញមុខជាសាធារណៈ នៅស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ការបង្ហាញមុខជាសាធារណៈនេះធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ រួចបន្តកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។
តាមរបាយការណ៍នគរបាលបានឱ្យដឹង
ថា ជនសង្ស័យទាំង៤នាក់មានទី១-ឈ្មោះ ជិន រស្មី ហៅម៉ី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ឆែម ស័ក្កសុខគា ហៅ សាក់ ភេទ ប្រុស អាយុ២២ឆ្នាំមុខរបរលក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ សេន ណាខិន ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកអីវ៉ាន់ និងស្នាក់នៅផ្ទះលេខអា១៦ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ លាង រតនា ហៅ តូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ដូរ និងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់ទូរស័ព្ទដៃម៉ាកVIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខ ផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨កែងផ្លូវ លេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន៣នាក់ជិះម៉ូតូចំនួន៣គ្រឿង ក្នុងពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេចហើយម្ចាស់ម៉ូតូកង់បីដែលជាជនរងគ្រោះ កំពុងបើកបានកាច់ចង្កូតម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យរត់ចោលម៉ូតូទៅឡើងជិះម៉ូតូជាមួយបក្ខពួកហើយបានដកអាវុធខ្លីមួយដើមម៉ាកកា៥៩កាន់នៅដៃជាស្រេចនាំគ្នាជិះគេចខ្លួនបាត់អស់ ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់នៅចំណុចបន្ទប់លេខ ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមកចំនួន៣ករណី ក្នុងរាជធានីភ្នំពេញ។
ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់យកទូរសព្ទ័ដៃម៉ាកVIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង៥ និង៣០នាទីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨កែងផ្លូវលេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ករណីទី២- អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់កាបូបដៃ ពណ៌ខ្មៅ ប្រព្រឹត្តកាលពីវេលាម៉ោង៦ និង២០នាទីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានី ភ្នំពេញ។
ករណីទី៣- អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តកាលវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្សារTK ផ្ទះលេខ០០៧ ផ្លូវលេខ៣១៥ ក្រុម៣២ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ៕ ដោយ ៖ រ៉ារ៉ា