អន្តរជាតិ៖ បើយោងតាមការបញ្ជាក់របស់អង្គការណាសា ប្រាប់សារព័ត៌មាន CNN ថា សម្រាប់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកខាងមុខនេះ ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់ សូម្បីតែអ្នកអវកាសយានិកក្នុងលំហ ក៏ត្រូវបោះឆ្នោតដែរ ប៉ុន្តែតើពួកគេនឹងបោះឆ្នោតដោយវិធីណា? ។ យ៉ាងហោចណាស់ ការបោះឆ្នោតមួយប្រភេទនឹងត្រូវបានធ្វើឡើង នៅរយៈកម្ពស់៣២១គីឡូម៉ែត្រ ពីលើផែនដី។
សារព័ត៌មាន CNN បន្តថា ខណៈជនជាតិអាមេរិករាប់លាននាក់នឹងបោះឆ្នោតតាមរយៈសារ ឬដោយផ្ទាល់ ។ ចំណែកអ្នកអវកាសយានិករបស់ណាសានិងក៏ជាវិស្វករផ្នែកហោះហើរ គឺអ្នកស្រី Kate Rubins គ្រោងនឹងបោះឆ្នោត ពីស្ថានីយអវកាសអន្តរជាតិផងដែរ ។ បន្ថែមពីនេះអ្នកស្រី Rubins រួមជាមួយអវកាសយានិករុស្ស៊ីពីរនាក់ទៀត នឹងត្រូវចំណាយពេល៦ខែនៅលើទីអវកាស ប៉ុន្តែអ្នកស្រីក៏ត្រូវបំពេញកាតព្វកិច្ចដើម្បីធ្វើការបោះឆ្នោតដែរ។
អ្នកស្រី Kate Rubins បន្ថែមទៀតថា ចំពោះអវកាសយានិកអាចចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋតិចសាស់ ដើម្បីមានសិទ្ធិបោះឆ្នោតពីទីអវកាសក្នុងឆ្នាំ១៩៩៧ នៅពេលដែលសមាជិកសភានៃរដ្ឋតិចសាស់បានសម្រេចថា ក្រុមអវកាសយានិកអាចបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចប្រសិនបើពួកគេស្ថិតនៅក្នុងលំហ អំឡុងពេលមុនថ្ងៃបោះឆ្នោត ឬនៅថ្ងៃបោះឆ្នោត។
សូមជម្រាបផងថា អវកាសយានិកអាចធ្វើការបោះឆ្នោត ពីទីអវកាសបាន ឧទាហរណ៍ មជ្ឈមណ្ឌលអវកាស Johnson Space Center របស់អង្គការណាសាស្ថិតនៅក្នុងទីក្រុង Houston នៃរដ្ឋតិចសាស់ ដូច្នេះអវកាសយានិកភាគច្រើនមានមូលដ្ឋាននៅក្នុងទីក្រុង និងចុះឈ្មោះបោះឆ្នោតនៅតំបន់ Harris County ដែលទីក្រុង Houston ស្ថិតនៅ។
គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅដូចនេះ ដោយស្មៀនតំបន់ Harris County នឹងបញ្ជូនសន្លឹកឆ្នោតអេឡិចត្រូនិចដែលមានសុវត្ថិភាព ទៅមជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្ម Johnson Space Center Mission Control Center របស់អង្គការណាសា ដោយប្រើលិខិតសម្គាល់ជាក់លាក់ ដើម្បីចូលទៅដល់សន្លឹកឆ្នោត និងធ្វើការបោះឆ្នោត ដែលនឹងត្រូវបញ្ជូនត្រឡប់មកការិយាល័យស្មៀនវិញតាមរយៈសារអេឡិចត្រូនិច៕ដោយ៖ស តារា