ចំណេះដឹងទូទៅ៖ តើការចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ដែរឬទេ?

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋសាកសួរជាច្រើនអំពីការចាក់វ៉ាក់សាំងមុន ក្រោយថ្ងៃកំណត់ តើអាចមានផលប៉ះពាល់ដល់សុវត្ថិភាពកូនដែរឬទេ? ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះដែរ លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បានអះអាង ថ្នាំបង្ការ (វ៉ាក់សាំង) មាននាទីសំខាន់ណាស់ក្នុងការការពារគ្រប់គ្នាពីជំងឺកាចសាហាវមួយចំនួន បែបនេះហើយទើបយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងទៅតាមអាយុ និងកាលកំណត់។

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ បម្រើការងារនៅ Singapore Medical Center បានអះអាងផ្អែកទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ថា៖ ចំពោះការចាក់វ៉ាក់សាំងមុនថ្ងៃកំណត់នេះ ជាទូទៅការចាក់វ៉ាក់សាំងមុនកាលកំណត់៤ថ្ងៃ ចាត់ទុកថាត្រឹមត្រូវ។ឧទាហរណ៍ថា កូនយើងត្រូវចាក់វ៉ាក់សាំងថ្ងៃទី៥ ប៉ុន្តែយើងរវល់ អ៊ីចឹងយើងចាក់ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ថ្ងៃ៤ អូខេ អត់មានបញ្ហាទេ។ ក៏ប៉ុន្តែបើសិនជាលើសពីថ្ងៃហ្នឹង ឧទាហរណ៍ថាគាត់ចាក់ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ៣០ អាហ្នឹងចាត់ទុកថា Invalid ដែលទាមទារឲ្យយើង Repeat ដូស្ត មានន័យថា វ៉ាក់សាំងត្រូវចាក់តែ ៣ដងទេ តែចាក់អត់ត្រឹមត្រូវអាចឈានដល់ចាក់៤ដង

លោកស្រីវេជ្ជបណ្ឌិត​ ​បន្តថា វ៉ាក់សាំងមិនមែនចាក់តែ១ដងនោះទេ វ៉ាក់សាំងខ្លះមានម្តង វ៉ាក់សាំងខ្លះ ២ដង ខ្លះ៣ដង ខ្លះ ៤ដង ឯណោះ បើយើងចាក់មិនត្រូវតាមកាលកំណត់ អាចនឹងត្រូវចាក់សារឡើងវិញ។

ចុះការវ៉ាក់សាំងក្រោយការកំណត់វិញយ៉ាងម៉េចដែរ? លោកស្រីវេជ្ជបណ្ឌិតឆ្លើយថា មិនមានគ្រោះថ្នាក់ទៅលើកូនយើងទេ ក៏ប៉ុន្តែការកកើតជាប្រព័ន្ធការពារអាចមិនសមស្របទៅតាមអ្វីដែលអ្នកវិទ្យាសាស្ត្រសិក្សា។ លោកស្រីវេជ្ជបណ្ឌិតថា ការពន្យារពេលចាក់វ៉ាក់សាំងយូរពេក ក៏ទាមទារឲ្យមានការ Repeat ដូស្តដែរ។ ដូចនេះជម្រើសដែលល្អបំផុត បើគ្រូពេទ្យណាត់ថ្ងៃណា យើងគួរនាំកូនទៅចាក់វ៉ាក់សាំងថ្ងៃនោះ។

ខាងក្រោមនេះជាកាលវិភាគចាក់វ៉ាក់សាំងទារក និងកុមារ ទៅតាមគោលការណ៍ថ្នាក់ជាតិ នៃក្រសួងសុខាភិបាល។

លើកទី១៖ ទារកទើបកើត

ពេលកើតភ្លាម ទារកត្រូវចាក់វ៉ាក់សាំង​​ដល់ទៅមុខ គឺវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។

លើកទី២៖ ទារកអាយុ ១ខែកន្លះ

អាអូនអាយុបាន ១ខែកន្លះ គ្រូពេទ្យនឹងចាក់វ៉ាក់សាំងការពារជំងឺជាច្រើនមុខ ក្នុងនោះមានដូចជា៖

វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)

វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

វ៉ាក់សាំងការពារជំងឺរលាកសួតរលាកស្រោមខួរដោយភ្នើម៉ូកូក។

លើកទី៣៖ ទារកអាយុ ២ខែកន្លះ

អាយុបាន ២ខែកន្លះ អូនតូចត្រូវចាក់វ៉ាក់សាំងបង្ការជំងឺច្រើនមុខដូចការចាក់នៅអាយុ ១ខែកន្លះដែរ

វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)

វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

វ៉ាក់សាំងការពារជំងឺរលាកសួតរលាកស្រោមខួរដោយភ្នើម៉ូកូក។

លើកទី៤៖ ទារកអាយុ ៣ខែកន្លះ

ក្រៅពីចាក់រម្លឹកនូវវ៉ាក់សាំងទាំងប៉ុន្មានមុខខាងក្រោមនេះ អូនតូចត្រូវបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើង ប្រភេទចាក់។

វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់)

វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប

វ៉ាក់សាំងការពារជំងឺរលាកសួតរលាកស្រោមខួរដោយភ្នើម៉ូកូក។

លើកទី៥៖ ទារកអាយុ ៩ខែ

លើកនេះអូនតូចត្រូវចាក់វ៉ាក់សាំងការពារតែ២មុខទេ មាន វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី និងជំងឺរលាកខួរក្បាលជេអ៊ី។

លើកទី៦៖ ទារកអាយុ ១៨ខែ

លើកចុងក្រោយនេះ កូនៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលលើកទី២។

វ៉ាក់សាំងទាំងអស់ផ្តល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទាំងអស់។ ដើម្បីកូនយើងមានសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ ម៉ាក់ប៉ាកុំភ្លេចនាំអូនៗទៅចាក់វ៉ាក់សាំងបង្ការជំងឺឲ្យគ្រប់មុខណា។

ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ព្យាបាលជូនទេ៕ ប្រភពពីHello Krupet

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print