អន្តរជាតិ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នសម្រាបថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ១០.៧៧២នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
–ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.៧៧២នាក់ ។
–អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៩៧០នាក់ ។
–អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤.៧៧១នាក់ ។
–អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៦.០៣៩នាក់។
លើសពីនេះ គ.ជ.ប, បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី0១ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា គ.ជ.ប ថែមទាំងបានអញ្ជើញប្រជាពលរដ្ឋទាំងអស់៖ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមចូលទៅកាន់គេហទំព័រ www.nec.gov.kh/khmer/taxonomy/term/327 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រចាំថ្ងៃ៕ដោយ៖ស តារា