អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិលោក ដូណាល់ ត្រាំ បានឆ្លងជំងឺ COVID-19 បានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងនោះ ។ស្រាប់តែសមាជិកព្រឹទ្ធសភាអាមេរិកពីររូប គឺលោក ម៉ៃក៍ លី (Mike Lee) និងលោក ថុម ធីល្លីស (Thom Tillis) ក៏បានក្លាយសមាជិកចុងក្រោយគេនៃសភាជាតិអាមេរិក ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ ។ មិនតែប៉ុណ្ណោះ បានធ្វើឲ្យថ្នាក់ដឹកនាំសភាអាមេរិក កំពុងតែពិចារណាឡើងវិញជុំវិញគោលការណ៍ធ្វើតេស្តរក COVID-19 របស់ខ្លួននៅក្នុងវិមានសភា។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០នេះ បាននិយាយថា ទាំងលោក ត្រាំ លោកLee និងលោក Tillis សុទ្ធតែបានចូលរួមក្នុងពិធីប្រកាសជ្រើសតាំងលោកស្រី អេមី ខុនលី បារែត (Amy Coney Barrett) ជាចៅក្រមថ្មីនៃតុលាការកំពូលអាមេរិក ដែលរៀបចំឡើងនៅសេតវិមានកាលពីចុងសប្តាហ៍មុន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Lee បានបញ្ជាក់ថា លោកមានរោគសញ្ញាស្រាល ខណៈដែលលោក Tillis ក៏បានឲ្យដឹងថា លោកពុំមានចេញរោគសញ្ញាអ្វីទាំងអស់។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូបនេះ បានបញ្ជាក់ទៀតថា នឹងធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។ដោយឡែកសម្រាប់លោកស្រី Barrett វិញ គឺមិនបានឆ្លងជំងឺ COVID-19 ឡើយបន្ទាប់ពីការធ្វើតេស្តយ៉ាងល្អិតល្អន់។
បច្ចុប្បន្នគោលការណ៍ធ្វើតេស្ត COVID-19 នៅវិមានសភាជាតិអាមេរិក ខេបភីថល ហ៊ីល (Capitol Hill) គឺមិនមែនជាការចាំបាច់នោះឡើយ ពោលបើអ្នកណាសង្ស័យថា ខ្លួនឯងប្រឈមនឹងការឆ្លងអាចទៅស្នើសុំការធ្វើតេស្តបាន។ ចំណែកពាក់ព័ន្ធបញ្ហានេះ ថ្នាក់ដឹកនាំសភាជាតិអាមេរិក កំពុងតែគិតគូរពិចារណាឡើងវិញ ជុំវិញការធ្វើតេស្តរក COVID-19 នៅក្នុងវិមាន Capitol Hill ដែលអាចនឹងតឹងរ៉ឹងជាងមុនខ្លាំង៕ដោយ៖ស តារា