ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា វិស័យទេសចរណ៌កម្ពុជាកំពុងរីកលូតលាស់បោះជំហានទៅមុខគួរអោយសម្គាល់។ កម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនរយពាន់ទៀត ដែលជាបិតិកភ័ណ្ឌជាតិ និងពិភពលោកដ៏ល្បីល្បាញ។ ទន្ទឹមនិងនោះយើងមានឆ្នេរសមុទ្រដ៏ល្អស្អាតជាប់ចំណាត់ថ្នាក់ពិភពលោក រួមទាំងតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិដ៏សម្បូរបែបជាច្រើនទៀត។
តាមកំណើនចំនួនទេសចរណ៌សព្វថ្ងៃនេះ គឺយើងអាចរំពឹងបានថានៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រមាណ ៧ លាននាក់ ព្រមជាមួយនឹងទេសចរណ៍ក្នុងស្រុកប្រមាណពី៨ទៅ១០លាននាក់ ត្រូវធ្វើដំណីរទស្សនានៅទូទាំងប្រទេស។ ចំណូលទេសចរណ៍នឹងកើនឡើងដល់ប្រមាណ 5,000 លានដុល្លារក្នុងមួយឆ្នាំ ហើយចំណូលនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃផលិតផលក្នុងស្រុកសរុបដែលជួយដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្ដល់ឱកាសការងារប្រមាណ៨០ម៉ឺននាក់ទៀតផង ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងអនុវត្តបានជោគជ័យក្នុងការជំរុញវិស័យទេសចរណ៍ និងការបង្កើតជើងហោះហើរផ្ទាល់ពីបរទេសមកកាន់កម្ពុជាជាដើម។ ទន្ទឹមនិងនេះ យុទ្ធនាការកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ ក៏បានចូលរួមយ៉ាងសកម្មក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជាផងដែរ ៕