ភ្នំពេញ៖ ទំហំទឹកប្រាក់នាំចេញនូវផលិតផលទំនិញនានារបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅឆ្នាំ២០១៥អាចសម្រេចបានប្រមាណ ៣,០២ពាន់លានដុល្លារ គឺបានកើនឡើង ៦ភាគរយខណៈដែលកាលពីឆ្នាំ២០១៤មានត្រឹម ២,៨៤ពាន់លានដុល្លារ ។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតទីពីររបស់ប្រទេសកម្ពុជា បន្ទាប់ពីសហភាពអឺរ៉ុបដែលជាទីផ្សារអនុគ្រោះពន្ធទាំងស្រុងសម្រាប់កម្ពុជាក្រោមពាក្យស្លោក«អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»។យោងតាមតួលេខចេញផ្សាយជាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្មីៗនេះបានបង្ហាញថាមុខទំនិញដែលកម្ពុជានាំចេញទៅ សហរដ្ឋអាមេរិកភាគច្រើនបំផុតជាផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ រីឯតម្លៃទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញនៅឆ្នាំ២០១៥ មាន ប្រមាណ៣៩២ លានដុល្លារបានកើនឡើងប្រហែល២០ភាគរយ បើធៀបកាលពីឆ្នាំ ២០១៤ដែល ផលិតផលទាំងនោះភាគច្រើនមាន ដូចជា គ្រឿងអេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្រជាដើម។
ប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ានខណៈប្រទេសវៀតណាមបានឈរនៅលំដាប់កំពូលដែលបាននាំចេញទៅអាម៉េរិកនៅឆ្នាំ២០១៥ មានតម្លៃទឹកប្រាក់កើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៧,៩៩ពាន់លានដុល្លារ និងនាំចូលត្រឡប់ មកវិញក្នុងតម្លៃ ៧,០៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងដំណើរទស្សនៈកិច្ចរបស់លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាកាលពីចុងខែមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលអាមេរិកធ្វើការពិចារណាផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាបាននាំផលិតផលចេញទៅកាន់សហរដ្ឋអាមេរិកដោយគ្មានកូតានិងមិនគិតពន្ធស្របទៅតាមកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនាពេលកន្លងមក។
ប្រមុខការទូតអាមេរិកលោក John Kerry បានលើកឡើង ថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តថា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមក។លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងមើលឆ្ពោះទៅមុខចំពោះការចរចាកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្មនិងវិនិយោគនៅក្នុងខែនេះជាមួយកម្ពុជា ហើយក៏នឹងបន្តស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរ រួមទាំងការជួយដោះស្រាយ អំពើពុករលួយនិងស្វែងរកវិធីដើម្បីពង្រឹងស្ថាប័នច្បាប់របស់កម្ពុជាផងដែរ៕
ដោយ៖ វឌ្ឍនា