ខេត្តមណ្ឌលគិរី៖ បើតាមដីកាឃុំខ្លួនដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ គឺតុលាការខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្ដមសេនីយ៍ទោ ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ជនត្រូវចោទ មានមុខរបរអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ហើយត្រូវបានចោទប្រកាន់ពីបទ «កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ប្រព្រឹត្តនៅចំណុចភ្នំរហាំង ស្ថិតនៅភូមិពូធប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិ។
បើតាមដីការបស់តុលាការ ជនត្រូវចោទឈ្មោះ ពៅ សុធារ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតភូមិពពេល ឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខC៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ៖ សិលា