អន្តរជាតិ៖ ប្រទេសមហាអំណាចចំនួន៣ ក្នុងនោះមាន៖ បារាំង រុស្ស៊ី និងអាមេរិក កំពុងព្យាយាមរកដំណោះស្រាយ ដើម្បីការបញ្ចប់ជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់ ដោយបារម្ភខ្លាចការប្រយុទ្ធគ្នារវាងកម្លាំងប្រទេសទាំងពីក្លាយជាសង្គ្រាមតំបន់។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា៖ប្រទេសមហាអំណាចទាំង៣នេះ បានជួបជជែកគ្នាជាបន្ទាន់នាទីក្រុងហ្សឺណែវនៅថ្ងៃទី៨ ខែតុលា និងបន្តជំនួបជាថ្មីនៅទីក្រុងមូស្គូនៅថ្ងៃទី១២ ខែតុលា។ ខណៈដែលរដ្ឋមន្ត្រីការបរទេសបារាំង តំណាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាសហប្រធានក្រុមមីនស្កិ៍ ដែលធ្លាប់ដោះស្រាយជម្លោះរវាងអាមេនី និងអាស៊ែបៃហ្សង់កាលពីជាង៣០ឆ្នាំមុន ដើម្បីព្យាយាមបញ្ចុះបញ្ចូលភាគីសង្គ្រាមទាំងសងខាងឲ្យចចារបទឈប់បាញ់។
រដ្ឋមន្ត្រីការបរទេបារាំង លោក Jean-Yves Le Drian បាននិយាយនៅចំពោះមុខគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាថា៖«យើងចង់ឲ្យអ្នកទាំងអស់យល់ថា វាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាក្នុងការបញ្ឈប់ការវាយប្រហារដោយគ្មានលក្ខខណ្ឌ និងចាប់ផ្តើមការចរចា»។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ ពុំបានបញ្ជាក់ឲ្យច្បាស់ទេថា តំណាងអាមេនី និងអាស៊ែបៃហ្សង់ នឹងចូលរួមជំនួបដែលប្រទេសទាំង៣បានរៀបចំឡើយ។
ចំណែកឯអាស៊ែបៃហ្សង់ ក៏បានអះអាងថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួននឹងធ្វើដំណើរទៅហ្សឺណែវ នៅថ្ងៃទី៨ ខែតុលា។ ចំពោះជំនួបនៅថ្ងៃទី១២ ខែតុលាវិញ អាមេនីក៏អះអាងដែរថា រដ្ឋមន្ត្រីរបស់ខ្លួននឹងទៅមូស្គូ ប៉ុន្តែបញ្ជាក់ថា នឹងមិនជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ឡើយ។
សូមជម្រាបថា ចំពោះការចង់ជ្រោមជ្រែង រកបទឈប់បាញ់រវាងភាគីជម្លោះទាំង២ ដោយបារាំង រុស្ស៊ី និងអាមេរិកនេះ តួកគីដែលជាសម្ព័ន្ធមិត្តរបស់អាស៊ែបៃហ្សង់ បានចេញមកប្រតិកម្ម ដោយចោទប្រទេសទាំង៣មិនខ្វល់នឹងជម្លោះតាំងតែពីដើម ដូច្នេះមិនគួរពាក់ព័ន្ធចូលរួមរកដំណោះស្រាយឡើយ។ ប៉ុន្តែភ្លាមៗ រដ្ឋមន្រ្តីការបរទេសបារាំង ក៏បានប្រតិកម្មតបវិញថា៖ ការណ៍ដែលតួកគីចូលពាក់ព័ន្ធដោយយោធាក្នុងជម្លោះ នឹងធ្វើឲ្យការប្រយុទ្ធនេះទៅជាជម្លោះអន្តរជាតិ។
ដោយឡែកជុំវិញរឿងខាងលើនេះ ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានអះអាងថា ប្រទេសលោកនឹងចូលតុចរចាជាមួយអាមេនី លុះត្រាតែយុទ្ធនាការយោធាទ្រង់ទ្រាយធំបានបញ្ចប់ និងចង់ឲ្យតួកគីចូលរួមក្នុងការពិភាក្សាដែរ។ អាស៊ែបៃហ្សង់ ក៏ទាមទារឲ្យអាមេនីដកទ័ពចេញពីតំបន់ Nagorno-Karabakh និងតំបន់ឯទៀតក្នុងទឹកដីខ្លួន។ ចំណែកឯលក្ខខណ្ឌសម្រាប់ការចរចាបទឈប់បាញ់អាមេនី ប្រទេសនេះទាមទារឲ្យតួកគីដែលជាសម្ព័ន្ធមិត្តអាស៊ែបៃហ្សង់ដកខ្លួនពីជម្លោះ ក៏ដូចជាដកទាហានស៊ីឈ្នួល និងភេរវជនចេញ។
ក្រោមច្បាប់អន្តរជាតិ តំបន់Nagorno-Karabakh ជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែគ្រប់គ្រងដោយឪក្រុមឧទ្ទាមដែលផ្តាច់ខ្លួន។ ទោះស្ថិតក្នុងដៃអាស៊ែបៃហ្សង់ក្ដី តំបន់នេះមានជនជាតិអាមេនីភាគច្រើនភាគរស់នៅ ។
គួររម្លឹកផងដែរថា ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ នៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមកបណ្តាលឲ្យមានមនុស្សស្លាប់៣៦០នាក់ រួមមានទាហាន៣២០នាក់ ជនស៊ីវិល១៩នាក់។ បន្ថែមពីនេះ ជនស៊ីវិលអាស៊ែបៃហ្សង់២៨នាក់ ក៏បាត់បង់ជីវិតផងដែរក្នុងការវាយប្រហារដោយក្រុមឧទ្ទាម។ ការប្រយុទ្ធគ្នារវាងកងទ័ពទាំង២ ក៏កាន់តែរីកធំទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការបាញ់ផ្លោងចូលក្នុងទឹកដីដែលមិនស្ថិតក្នុងតំបន់ជម្លោះ៕ដោយ៖ស តារា