ជ្រូក​ជាង១ពាន់​ក្បាល​ ត្រូវបានសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយ

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងតិចណាស់សត្វជ្រូក​១៥០០​ក្បាល​ ត្រូវបានអាជ្ញាធរបង្ខំចិត្តសម្លាប់ចោល ក្រោយកូរ៉េខាងត្បូង ​រកឃើញ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​ក្នុង​កសិដ្ឋាន​មួយក្នុង​ខេត្ត Gangwon ភាគ​ឦសាន​នៃ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ៨ ខែតុលា​។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រសួងកសិកម្ម​កូរ៉េ​ខាង​ត្បូ​ង បាន​អះអាងថា នេះ​ជា​ករណី​ដំបូង​នៃ​ជំងឺ​នេះ​ក្នុង​ឆ្នាំ​២០២០​ ខណៈដែលជ្រូក​ងាប់​៣​ក្បាល ហើយត្រូវ​រកឃើញថា មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​កសិដ្ឋាន​ខាងលើ ​។ ទើបអាជ្ញាធរ​ បានសម្រេចសម្លាប់​ជ្រូក​​ដែលម្ចាស់​បាន​ចិញ្ចឹម​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ​នៃ​កសិដ្ឋាន​នោះ​។

សារព័ត៍មាន Yonhap បាននិយាយថា ប្រទេសកូរ៉េខាងត្បូង គ្មាន​រកឃើញ​ករណី​ជំងឺប៉េស្ត​អាហ្វ្រិក ចាប់តាំងពី​ខែ​ខែតុលា ឆ្នាំ​២០១៩​មកម្ល៉េះ​។ក៏ប៉ុន្តែ​ជ្រូកព្រៃ​ចំនួន​៧៥០​ក្បាល ដែល​រស់នៅ​ក្បែរ​ព្រំដែន​កូរ៉េខាងជើង ត្រូវបាន​រកឃើញ​កើត​ជំងឺ​នេះ​។

​សូមជម្រាបថា ជំងឺ​នេះ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ តែ​បង្ក​ឲ្យ​ជ្រូក​ងាប់​ជា​បន្តបន្ទាប់​។ ជាក់ស្តែងកាលពី​ឆ្នាំមុន ជ្រូក​ប្រមាណ​៤០​ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់ចោល ក្រោយ​ជំងឺ​បាន​ឆ្លង​រាលដាល​ចូល​កសិដ្ឋាន​ចំនួន​១៤​កន្លែង​ក្នុងប្រទេស​កូរ៉េខាងត្បូង​។

​គួររម្លឹកផងដែរថា នៅក្នុង​ខែកញ្ញា ឆ្នាំ​២០២០កន្លងទៅនេះ កូរ៉េខាងត្បូង បាន​ហាមឃាត់​ការ​នាំចូល​សាច់ជ្រូក​ពី​ប្រទេស​អាល្លឺម៉ង់ ក្រោយពី​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ថ្មី​មួយ​ត្រូវបាន​រកឃើញ​ក្នុង​ខ្លួន​ជ្រូកព្រៃ នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​នេះផងដែរ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print