គ្រាប់បែកទម្លាក់លើយន្តហោះអាមេរិចB52 មិនទាន់ផ្ទុះមួយគ្រាប់ នៅជើងភ្នំ ស្រុករុក្ខគីរី ត្រូវបានអ្នករកវល្លិ៍ប្រទះឃើញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ គ្រាប់បែកយន្តហោះអាមេរិចB52មួយគ្រាប់ដែលជាគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះអាមេរិចទៅលើទឹកដីខ្មែរក្នុងអំឡុងសង្រ្គាមចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៧ មិនទាន់ផ្ទុះដែលគេស្គាល់ឈ្មោះថាគ្រាប់បែក MK82 US ទម្ងន់១៥០គីឡូក្រាម  ត្រូវបាន អ្នកដើរ ព្រៃរក វល្លិ៍ប្រទះ ឃើញនៅជើងភ្នំមួយកន្លែងដែល មានព្រៃក្រាស់ក្នុងភូមិសាស្រ្តស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាប់និង ព្រំប្រទល់ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបាន កម្លាំងសមត្ថកិច្ច ស្រុករុក្ខគីរី និងមន្ត្រីជំនាញស៊ីម៉ាក កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៦​ចុះទៅយកគ្រាប់បែកមួយគ្រាប់ នោះដើម្បីរក្សាទុក រងចាំកំទេចចោលក្រោយពីប្រជាពលរដ្ឋអ្នកដើរព្រៃរកវល្លិ៍ប្រទះឃើញរាយការណ៍មកសមត្ថកិច្ចរួចហើយមកនោះ។

លោកវរសេនីយ៍ត្រី ស៊ា ធី អធិការនគរបាលស្រុករុក្ខគីរីប្រាប់ឱ្យដឹងថា គ្រាប់បែកខាងលើនៅពេលសមត្ថកិច្ចនិងមន្ត្រីជំនាញត្រួតពិនិត្យគឺក្បាលគីបគ្រាប់នៅល្អមិនទាន់ផ្ទុះនោះទេ ទន្ទឹមនោះមន្ត្រីជំនាញក៏បានធ្វើការយ៉ាងប្រុងប្រយ័ត្ន ដើម្បីយកគ្រាប់បែកធុន MK82 US ទម្ងន់១៥០គីឡូក្រាម ដឹកជញ្ជូនតាមរថយន្តយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានស៊ីម៉ាក ខេត្តបាត់ដំបង រងចាំធ្វើការកំទេចចោល ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយប្រការណាមួយដល់ប្រជាពលរដ្ឋ។

លោកអធិការបានបញ្ជាក់ទៀតថា នៅតំបន់ប្រទះឃើញគ្រាប់បែកខាងលើ អតីតជាតំបន់សង្គ្រាមដែលត្រូវយន្តហោះអាមេរិច B52 ទម្លាក់គ្រាប់បែករាប់សិបគ្រាប់ទៅលើក្រុមចលនាតស៊ូខ្មែរលាក់ខ្លួននៅក្នុងព្រៃ ប្រឆាំងនិងកងទ័ពរបបសាធារណរដ្ឋខ្មែរ របស់លន់ណុល គាំទ្រដោយសហរដ្ឋអាមេរិច។

សូមរំលឹកថាសង្គ្រាមស៊ីវិល៣ទសវត្សរ៍រួមទាំងការទម្លាក់គ្រាប់បែកយន្តហោះបេ៥២របស់សហរដ្ឋអាមេរិកលើទឹកដីកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររងការស្លាប់ និងរបួសជាច្រើន…ដីព្រៃស្រែចម្ការរងភាពខ្ទេចខ្ទាំដោយការទម្លាក់គ្រាប់បែក និងមហាវិនាសកម្មនេះបាននឹងកំពុងបន្សល់ទុកដល់ពលរដ្ឋកម្ពុជានាបច្ចុប្បន្ននេះថែមទៀត។ យោងតាមឯកសារសហរដ្ឋអាមេរិក ការទម្លាក់គ្រាប់បែកដោយយន្តហោះបេ៥២ប្រមាណជាង១៤ខែលើទឹកដីកម្ពុជាគឺមានចំនួនសរុប ៣ពាន់ ៥០០លើក ដោយបានធ្វើអោយពលរដ្ឋស្លាប់ចំនួន៦សែននាក់ និងផ្តើមចេញ ពីកំហឹងទម្លាក់គ្រាប់បែកនោះហើយប្រជាពលរដ្ឋតាមជនបទ បាននាំ គ្នាចេញតស៊ូរត់ចូលព្រៃប្រឆាំងនឹងការទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក។

នៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០ របបសាធារណរដ្ឋខ្មែររបស់លោកលន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកបានធ្វើរដ្ឋប្រហារផ្តួលរំលំអតីតព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ រដ្ឋប្រហារខែមីនា នោះហើយ គឺជាការចាប់ផ្តើមនៃសង្គ្រាមស៊ីវិលឆាបឆេះលើកដំបូង នៅកម្ពុជា ហើយក៏ជាដើមអាទិ៍នៃការច្រាន កម្ពុជាអោយបន្តធ្លាក់ចូល ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនឯង រហូតធ្វើអោយមនុស្ស ស្លាប់ជាង៣លាននាក់ផងដែរ។

ក្រោយមក រណសិរ្សសាមគ្គីសង្គ្រោះជាតិថ្ងៃទី២ខែធ្នូរបស់ក្រុមអ្នកតស៊ូរំដោះជាតិ សហការជា មួយនឹងក្រុមទាហានស្ម័គ្រចិត្តវៀតណាមបានដឹកនាំកម្លាំងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

12744185_1706584529587313_5381690594507110724_n

IMG_7862

IMG_7864

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print