ជប៉ុន នឹង​ផ្ដល់​កម្ចី​២៣៦​លាន​ដុល្លារ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារកូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​ជប៉ុន Toshimitsu Motegi បានថ្លែងនៅ​ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ ក្រោយ​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​ម៉ុង​ហ្គោ​លីលោក Nyamtseren Enkhtaivan ជប៉ុន ក៏បានសម្រេចនឹង​ផ្ដល់​កម្ចី​បន្ទាន់​ជា​សាច់ប្រាក់​រហូតដល់​២៣៦​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចប្រឹងប្រែង​របស់​ប្រទេស​នេះ​ក្នុង​ការស្ដារ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។

រដ្ឋមន្ត្រីការបរទេស​ជប៉ុនរូបនេះ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ​ក្រោយ​ជំនួប​ក្នុង​ទីក្រុង Ulaanbaatar នៃ​ប្រទេស​ម៉ុង​ហ្គោ​លី ក៏បានប្រកាស​ផ្ដល់​កម្ចី​២៣៦​លាន​ដុល្លារ​នេះ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ហើយ​សង្ឃឹមថា ប្រទេស​ទាំងពីរ​នឹង​បន្ត​អភិវឌ្ឍ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​កាន់តែខ្លាំង​ថែមទៀត​។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo លោក​ Motegi បញ្ជាក់ទៀតថា ប្រទេស ម៉ុង​ហ្គោ​លី​ចែករំលែក​គុណ​តម្លៃ​ជាស​កល ដូចជា៖ នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ជាមួយ​ប្រទេស​ជប៉ុន​។

​សូមជម្រាបថា ជប៉ុន បាន​សម្លឹង​ឃើញ​ប្រទេស​ម៉ុង​ហ្គោ​លី​ដែលជា​ប្រទេស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រទេស​កូរ៉េខាងជើង ឲ្យ​ធ្វើជា​អ្នកសម្របសម្រួល​ក្នុងការ​ដោះស្រាយ​បញ្ហា​ចាប់ពង្រត់​ជនជាតិ​ជប៉ុន​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០​ផងដែរ​។ ទាក់ទិន​រឿងនេះ លោក​រដ្ឋមន្ត្រី Motegi អះអាងថា ខាង​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី​ក៏បាន​យល់ព្រម​ជួយ​ផងដែរ​។

​គួរបញ្ជាក់ថា ក្នុងជំនួប​ដាច់ដោយឡែក​ជាមួយ​នាយករដ្ឋមន្ត្រី ម៉ុង​ហ្គោ​លី Ukhnaa Khurelsukh លោករដ្ឋមន្ត្រីការបរទេស​ជប៉ុន បានលើកឡើងថា ប្រទេស​ទាំងពីរ​បាន​យល់ព្រម​ជំរុញ​ការងារ​ឆ្ពោះទៅរក​ការបើក​មុនពេល​កំណត់​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ក្នុង​រដ្ឋធានី​ម៉ុង​ហ្គោ​លី​ផងដែរ​។ វា​ជា​គម្រោង​ដែល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ជប៉ុន​។ ការបើក​សម្ភោ​ធ​ព្រលានយន្តហោះ​នេះ ត្រូវបាន​លើក​ពេល​ដោយ​ជំងឺ​កូ​វីដ​-១៩៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print