ប្រពន្ធស្លាប់ ប្អូនថ្លៃឃុបឃិតគ្នាជាមួយមេភូមិដណ្តើមដីកេរ្តិ៍

ចែករំលែក៖

ភ្នំពេញ៖ រឿងដណ្តើមដីកេរ្តិ៍មរតកបន្សល់ពីឪពុកម្តាយ បានក្លាយជាប្រធានបទមួយគួរឲ្យចាប់ អារម្មណ៍ដែលកើតឡើងរវាង បងថ្លៃ និងប្អូនថ្លៃ រហូតរាលដាលដល់ប្រធានភូមិ ព្រោះតែដីកេរ្តិ៍ មានទំហំ២៤២ម៉ែត្រការ៉េនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ជាកម្មសិទ្ធស្រប ច្បាប់ របស់បងថ្លៃ ត្រូវប្អូនថ្លៃពីរនាក់ឃុបឃិតជាមួយមេភូមិ ធ្វើឯកសារក្លែងក្លាយដណ្តើម​យកដី​កេរ្តិ៍ដែលឪពុកម្តាយចែកឲ្យគ្មានអៀនខ្មាស ។

លោក រស់ វណ្ណា អាយុ ៤៧ឆ្នាំ រស់នៅលើដីកេរ្តិ៍មានទំហំ២៤២ម៉ែត្រការ៉េ(បណ្តោយ​២២មទទឹង១១ម)រស់នៅក្នុងភូមិខាង​លើនិងត្រូវជាបងថ្លៃរបស់ឈ្មោះ ប៉ាត់ គ្រឿន និង ប៉ាត់ គ្រី ជាប្អូនបង្កើតរបស់ប្រពន្ធបានឲ្យដឹងថា លោករៀបការជាមួយ​​ប្រពន្ធ​​ឈ្មោះ​ប៉ាត់ ស្រី អាយុ៣៩ឆ្នាំ តាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៩៧៩មកម្ល៉េះ ដែលមកដល់ពេលនេះមាន​កូន​ពីរ​នាក់ពេញកំលោះក្រមុំទៅហើយ ។ ក្រោយរៀបការរួចឪពុក ម្តាយក្មេកបានឲ្យរស់នៅជា​មួយ​គាត់លើដីកេរ្តិ៍ខាងលើនេះ ដើម្បីចិញ្ចឹមគាត់ និងប្អូនថ្លៃពីរនាក់ដែលនៅជំទង់មិនទាន់មាន​គ្រួសារ ។ ចាប់ពីពេលនោះមកគាត់និងប្រពន្ធជាមេគ្រួសារបាន​ប្រឹងប្រែងរកស៊ីចិញ្ចឹម​ឪពុក​ម្តាយក្មេកផង ប្អូនថ្លៃពីរនាក់ផង និងរហូតមានកូនដល់ទៅពីររស់នៅក្នុងបន្ទុកទៀត។ មុន ឪពុក​ម្តាយក្មេកស្លាប់ទៅគាត់បានបែងចែកដីធ្លីផ្សេងឲ្យទៅកូនរបស់គាត់ទាំងអស់រួចទៅហើយ​ជាពិសេសប្អូនថ្លៃ​ពីរនាក់ដែលរស់នៅជា​មួយលោកដោយពួកគេមានគ្រួសារទៅរស់នៅលើ​ដីកេរ្តិ៍ រួចរៀងខ្លួនអស់រយៈពេលជាង១០ឆ្នាំមកហើយ ។ ចំណែករូបលោក​ត្រូ​វបានឪពុក​ម្តាយក្មេកប្រគល់ដីនេះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន​ជាមួយ​ប្រពន្ធ​រហូតដល់សព្វថ្ងៃដោយមាន​លិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីពីអាជ្ញាធរដែនដីត្រឹមត្រូវ(លិ​ខិត​ចុះថ្ងៃទី០៧ខែកក្កដា ឆ្នាំ ២០១០)​មានចុះហត្ថលេខាមេភូមិឈ្មោះ គង់ ស៊ិន និងហត្ថលេខាចៅ​សង្កាត់បាក់ខែងលោក ញឹក ស៊ីផុន ដឹងឮទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ផងដែរ ។

លោករស់ វណ្ណា បានឲ្យដឹងទៀតថា លុះមកដល់ថ្ងៃទី២១ខែសីហា ឆ្នាំ២០១០ ប្រពន្ធ​របស់គាត់មានជំងឺធ្ងន់ព្យាបាលមិនជាក៏ទទួលមរណភាពទៅដោយទុកឲ្យគាត់រស់នៅជាមួយ​កូនពីរនាក់មកដល់សព្វថ្ងៃនេះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកហួសចិត្តនោះ គឺនៅពេលដែលគាត់​ចង់​ដោះ​ដូរ​ដីនេះទៅរស់នៅឆ្ងាយនិងទុកចែករំលែកដល់កូនពីរនាក់គ្រាដែលគេមានប្តី ប្រពន្ធ​ទៅ​អនាគតនោះ បែរជាប្អូនថ្លៃពីរនាក់(ប៉ាត់ គ្រឿន និង ប៉ាត់គ្រី)ដែលមានដីកេរ្តិ៍ឪពុក​ម្តាយ​ក្មេក​ចែករួចទៅហើយនោះ មកទាមទារ យកចំណែកដែរ។លើសពីនេះទៀតពួកគេបាន​ឃុប​ឃិតជាមួយ​លោកមេភូមិក្តី ចាស់ លោក គង់ ស៊ិន លួចធ្វើលិខិតក្លែងក្លាយគ្មានចុះថ្ងៃខែនិង​ចុះហត្ថលេខាមេភូមិ​រារាំង​និងបដិសេធមិនឲ្យរូបលោកដោះដូរដីនេះបានឡើយ គ្រាដែល​លោក​​មេ​​ភូមិទទួល​យកឯក​សារដោះដូរដីពីរូបគាត់ទៅរត់ការធ្វើប្លង់ជាថ្នូរនឹងប្រាក់២០០ដុល្លារ​ទៅហើយនោះ។

លោករស់ វណ្ណា បានបន្តថា ខ្ញុំមានឯកសារគ្រប់គ្រងដីធ្លី និងឯកសារជាច្រើនទៀតយក​មកបង្ហាញលោកមេភូមិ គង់ ស៊ិន ទើបលោកមេភូមិទទួលយកទៅបំពេញបែបបទដោះ​ដូរដី​នេះឲ្យខ្ញុំ លុះក្រោយមកមិនត្រឹមតែស៊ីដាច់លុយរត់ការរបស់ខ្ញុំទេ ថែមទាំងប្រាប់ថាបាត់ឯក​សារដោះដូរ​ដីនោះអស់ទៀត។ពេលនោះខ្ញុំសុំឲ្យ មេភូមិធ្វើឡើងវិញ តែគាត់មិនព្រមធ្វើទេ​រួចថែមទាំងទៅឃុបឃិតជាមួយប្អូនថ្លៃធ្វើឯកសារក្លែងក្លាយមិនឲ្យដោះដូរដីនេះ​បើចង់ដោះដូរ ទាល់តែបែងចែកចំណែកឲ្យឈ្មោះប៉ាត់ គ្រឿន និង ប៉ាត់គ្រី ផង ។ទង្វើនេះខ្ញុំគិតថាលោក​មេភូមិ​​ច្បាស់ជាបានទទួលលាភសក្ការៈអ្វីមួយ ពីប្អូនថ្លៃទាំងពីរនាក់តែម្តង ។ មួយវិញទៀត បើដឹងថាដីនេះមិនអាចលក់បានទេ ហេតុអីពេលគេមកទិញដីខ្ញុំ គេកក់លុយហើយនោះ លោកមេភូមិថាមិនអី ព្រមទាំងយកឯកសារទៅរត់ការជាមួយថ្នាក់លើធ្វើ​ប្លង់រួចថែមទាំង​ធ្វើជាសាក្សីដឹងឮផងនោះ?

ទាក់ទងការលើកឡើងរបស់លោក រស់ វណ្ណា ខាងលើនេះ ត្រូវបានលោក គង់ ស៊ិន មេភូមិក្តីចាស់ ប្រាប់ភ្នាក់ងារយកព័ត៌មានតាមទូរស័ព្ទថា ដីនេះមានទំនាស់ជាមួយបងប្អូនពីរ​នាក់របស់ប្រពន្ធលោក រស់ វណ្ណា ដែលពួកគេទាមទារចំណែកកេរ្តិ៍មរតកពីឪពុកម្តាយរបស់គេ ទើបលោកមិនហ៊ានសម្រេច។ ចំពោះសំណួរ សួរថា តើមានអ្វីជាសំអាង បើលោករស់ វណ្ណា មានលិខិតកាន់កាប់ដីនេះស្របច្បាប់តាំងពីឆ្នាំ​២០១០រួចហើយនោះ? មេភូមិបញ្ជាក់ថា កន្លង​មកឮថាមាន តែអីឡូវមិនដឹងទៅណាទេ។ រីឯលិខិតបញ្ជាក់កាន់កាប់ដីរបស់លោករស់ វណ្ណា ធ្វើតាំងពីប្រពន្ធមិនទាន់ស្លាប់មែន តែធ្វើសម្រាប់ដាក់ធានាគារយកលុយ​មើលប្រពន្ធ​ឈឺ​ប៉ុណ្ណោះ ។

នៅមានសំណួរមួយទៀតសួរថា បើដឹងថាដីនេះមានបញ្ហាដែររឿងអីលោកមេភូមិ ទទួលយកលុយ២០០ដុល្លារទៅរត់ការធ្វើប្លង់ឲ្យអ្នកទិញ? លោកមេភូមិ ឆ្លើយថា ខ្ញុំទទួលលុយ នេះមែនដើម្បីយកទៅរត់ការ តែមកដល់ផ្ទះគេមានទំនាស់គ្នារឿងដីនេះខ្ញុំក៏ផ្អាក និងរក្សាលុយ នេះដល់រាល់ថ្ងៃ រង់ចាំគេត្រូវគ្នានឹងអាលរត់ការបន្ត ។

ទោះយ៉ាងណាក្រុមអ្នកច្បាប់បាននិយាយដោយយោងលើច្បាប់ភូមិបាលក្នុងការគ្រប់គ្រងដីធ្លីគឺបុគ្គលទាំងឡាយណាដែលរស់នៅនឹងអាស្រ័យផលលើដីជាអចលនទ្រព្យលើសពី៥ឆ្នាំ ដីនោះក្លាយជាកម្មសិទ្ធស្របច្បាប់របស់បុគ្គលនោះ ។ ដូច្នេះលោក រស់ វណ្ណា រស់នៅលើដី កេរ្តិ៍ជាង២០ឆ្នាំមកហើយ រឿងអីអ្នកផ្សេងមកទារចំណែកថាជាកម្មសិទ្ធរបស់ខ្លួន ? ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print