ភ្នំពេញ៖ ក្នុងស្ថានការណ៏ ដែលទឹកជំនន់កំពុងបន្តហក់ឡើងនៅតាមបណ្តាខេត្តមួយចំនួន លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសូមអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាប់ជានិច្ច ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសមាជិកគ្រួសារខ្លួនគ្រប់ៗរូប។ លោកបានថ្លែងថា៖ នៅទីនេះ យើងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំនូវស្ថានការណ៏នេះ និងត្រៀមគ្រប់លទ្ធភាពទាំងអស់ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទុក្ខលំបាកនានាដែលបាន និងកំពុងកើតមាន។
ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី ក៏សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានពួតដៃគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព បានយ៉ាងទាន់ពេលវេលា និងដោយប្រសិទ្ធិភាព។
លោកសូមលើកទឹកចិត្ត ឲ្យសមាជិក សមាជិកាយើង បន្តនូវបេសកកម្មជាអាទិភាពនេះ នៅថ្ងៃបន្តបន្ទាប់ រហូតដល់ស្ថានការណ៏មានការធូរស្បើយ៕
ដោយ៖ សិលា