អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញក្តីរំពឹងតាមរយៈសុន្ទរកថាប្រចាំឆ្នាំនាឱកាសបុណ្យជាតិ នៅថ្ងៃ១០តុលា ឆ្នាំ២០២០ ថា៖ រដ្ឋាភិបាលចិន នឹងផ្លាស់ប្តូរគោលជំហរ និងឥរិយាបថតឹងរឹងជាមួយនឹងតៃវ៉ាន់ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ផង។ សម្រាប់តៃវ៉ាន់ ភាពតានតឹងរវាងច្រកភាគីទាំងពីរ ក៏ដូចជានៅក្នុងតំបន់ មិនអាចថមថយបានដោយមិនមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធបានឡើយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times បាននិយាយថា លោកស្រីប្រធានាធិបតីតៃវ៉ាន់រូបនេះ បានបញ្ជាក់ថា ស្របពេលដែលប្រទេសនៅក្នុងតំបន់ និងជុំវិញពិភពលោក មានការព្រួយបារម្ភពីការពង្រីកអំណាចរបស់ចិន តៃវ៉ាន់ សង្ឃឹមថា ចិន នឹងផ្លាស់ប្តូរជំហររឹងត្អឹងមួយនេះ។
លោកស្រី Tsai Ing-wen បានថ្លែងបន្តថា បានធ្វើការកំណត់សម្គាល់ពីសុន្ទរកថារបស់លោកប្រធានាធិបតីចិន Xi Jinping ដែលបានថ្លែងក្នុងកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ថា ចិន មិនដែលធ្វើអនុត្តរភាព ពង្រីកអំណាចនិងបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់ពិភពលោកនោះទេ។
ជាមួយគ្នានោះ ប្រមុខដឹកនាំកំពូលជានារីរបស់តៃវ៉ាន់រូបនេះ បានគូសបញ្ជាក់ថា ប្រសិនបើក្រុងប៉េកាំង ស្តាប់ជំហរនិងចេតនារបស់តៃវ៉ាន់បន្តិច ប្តូរជំហរក្នុងការគ្រប់គ្រងទំនាក់ទំនងភាគីទាំងពីរ ហើយងាកមកការចរចាសន្តិភាពវិញនោះ លោកស្រី ជឿជាក់ថា ភាពតានតឹងនៅក្នុងតំបន់ នឹងត្រូវបានដោះស្រាយយ៉ាងពិតប្រាកដ។ លោកស្រី បន្ថែមថា បើចិន មានឆន្ទៈក្នុងការធ្វើឲ្យមានភាពល្អប្រសើររវាងគ្នាជាមួយនឹងការរក្សាភាពស្មើមុខស្មើមាត់គ្នាផងនោះ តៃវ៉ាន់ នឹងធ្វើកិច្ចសន្ទនាសន្តិវិធីជាមួយនឹងចិន។
ទន្ទឹមនឹងនេះ ក្នុងការប្រកាសជំហរដាក់ខ្លួន លោកស្រី Tsai Ing-wen ក៏បានប្រកាសជំហរព្រមគ្នាផងដែរថា ភាពតានតឹង ដែលបង្កឡើងដោយភាគីម្ខាងទៀតនាពេលថ្មីៗនេះ មិនបានធ្វើឲ្យតៃវ៉ាន់ភ័យព្រួយនោះទេ។ លោកស្រី បានប្រកាសថា តៃវ៉ាន់ នឹងនៅតែបន្តជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងវិស័យការពារជាតិ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅ៕ដោយ៖ស តារា