ខេត្តកណ្ដាល៖ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យកេតុមាលាបានបើករថយន្ដរបស់ខ្លួនក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកម៉ូតូស្មាស់ពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យបុរសស្រ្ដី២នាក់រងបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។
ក្រោយពីមានហេតុការណ៏កើតឡើងលោកគ្រូពេទ្យបានព្យាយាមបើករថយន្ដគេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូ តាមប្រម៉ាញ់រឃាត់រថយន្ដនិងអ្នកបើកបរបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងរងឃើញមានជាតិអាកុលនៅក្នុងខ្លួនកំរិត៥៥មីលីក្រាម ក្នុង១លីត្រខ្យល់ ។ ដោយឡែកជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូននទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AG-0846បើកបរដោយឈ្មោះ ទូច សាវឿន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីពេទ្យប្រចាំមន្ទីរពេទ្យកេតុមាលា មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ពូន សុភា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ទាំង២នាក់នេះមិនមានរបួសអ្វីនោះទេ ។ ជនរងគ្រោះដែលរងរបួសនោះ ទី១ឈ្មោះ រ៉ែន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ (ជាអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព) ទី២ឈ្មោះ ជួន ណារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ។ អ្នកទាំង២មានទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់ ធនសេ១១០ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1N-2834 ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញបុរសស្រ្ដី២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ២១A ក្នុងទិសដៅពីជើងទៅត្បួង(ពីស្វាយរលំឆ្ពោះទៅសិត្បួ) ខណៈដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដកាមរីបាឡែនបើកបោះពួយទៅបុកម៉ូតូស្មាស់ពីក្រោយពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូនិងជនរងគ្រោះដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីមានហេតុកើតឡើងអ្នកបើកបររថយន្ដបង្កហេតុមិនបានឈប់នៅនឹងកន្លែងទទួលខុសត្រូវនោះទេគឺបានបន្ថែមល្បឿនបើកឆ្ពោះទៅឃុំសិត្បូហើយត្រូវបានសមត្ថកិច្ចក្របួចជាប់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាងវាស់ជាតិអាកុល ។ មន្រ្ដីមគរបាលជំនាញបានបញ្ជាក់ថា អ្នកបើកបររថយន្ដបង្កហេតុមានជាតិអាកុលនៅក្នុងខ្លួនចំនួន៥៥មីលីក្រាមក្នុង១លីត្រខ្យល់ ។
បច្ចុប្បន្នអ្នកបើកបររថយន្ដបង្ករូបនេះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងកសាងសំណុំរឿងបញ្ជូនបន្ដទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះកំពុងសម្រាក់ព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕
...
ដោយ៖ ស្អាងជ័យ