ចូលផឹកស៊ីរាំលេងកើតមានជម្លោះបែរជាដកកាំភ្លើងយកគ្រាប់ហុចគំរាមគេផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនមួយក្រុមនាំគ្នាចូលផឹកស៊ីរាំលេងកម្សាន្ត ក៏កើតមានជម្លោះគ្នាបន្តិចបន្តួចសោះ ស្រាប់តែភាគីម្ខាងទៀតហុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ស្ថិតនៅតាមផ្លូវខាងក្រោយស្ថានទូតរុស្សី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ និត អាយុ២៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធារ៉ា អាយុ២៥ឆ្នាំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងពីរនាក់និងមិត្តភក្តិ៣នាក់ទៀត បានចូលផឹកស៊ីក្នុងហាងយីហោ BM ជាមួយគ្នាយ៉ាងសប្បាយរីករាយ ខណៈផឹកបណ្ដើរឡើងរាំលេងកម្សាន្តបណ្ដើរ តែពេលនោះបែរជាមានភាគីម្ខាងទៀតមានគ្នា៤-៥នាក់ ដែលអង្គុយផឹកស៊ីនៅក្បែរសាឡុងអង្គុយរបស់ពួកខ្លួនដែរនោះ បានដើរមកប្រាប់ឈ្មោះ និត ថាបានរាំប៉ះក្បាលបុរសម្នាក់ជាភាគីម្ខាងទៀត ទើបឈ្មោះ ធារ៉ា បានចូលទៅសួរនាំ និងកាន់កែវស្រាដើរទៅជល់កែវជាមួយភាគីម្ខាងទៀតនោះដល់សាឡុងអង្គុយដើម្បីជាការសុំទោសជំនួសប្អូនរបស់ខ្លួនម្ដងហើយម្ដងទៀត។ លុះពេលឈ្មោះ ធារ៉ា ដើរទៅជល់កែវសុំទោសជាលើកទី៣ ស្រាប់តែមានបុរសម្នាក់ក្នុងចំណោមគ្នា៤-៥នាក់នោះ បានដកបង់កាំភ្លើងខ្លីមក រួចដោះយកគ្រាប់កាំភ្លើងមួយគ្រាប់ ហុចមកឱ្យឈ្មោះ ធារ៉ា ហើយប្រាប់ថា “កាំភ្លើងគាត់មានគ្រាប់មួយបង់ពេញ តែឥឡូវវបងឱ្យប្អូនឯងមួយគ្រាប់ទុកសិន បើសិនជាអូនឯងចង់មានរឿង ចាំបន្តិចទៀតចេញទៅក្រៅជួបបងក៏បាន”។ ឮដូច្នេះរូបគេក៏មានការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏ដើរត្រឡប់ទៅកន្លែងអង្គុយរបស់ខ្លួនវិញ ដោយបានប្រាប់ប្អូននិងមិត្តភក្តិឱ្យបានដឹងពីរឿងនេះផងដែរ រួចហើយពួកគេក៏នាំគ្នាគិតលុយចេញពីកន្លែងផឹកស៊ីនោះ ហើយជិះទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងកងកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីបានដឹងពីរឿងនេះផងដែរ។

ក្រោយពីទទួលបានដំណឹងនេះ នគរបាលប៉ុស្តិ៍ទន្លេបាសាក់បានជិះម៉ូតូទៅកន្លែងកើតហេតុ ហើយភាគីរងគ្រោះបានរង់ចាំនៅកន្លែងចំណតផ្ញើម៉ូតូ ដើម្បីរង់ចាំមើលជនដែលហុចគ្រាប់កាំភ្លើងឱ្យរូបគេនោះ។ ចំណែកឈ្មោះ និត ភ័យផងស្រពេចស្រពិលផង បានទៅចង្អុលបុរសម្នាក់ដែលជាភ្ញៀវ ទើបដើរចេញពីភោជនីយដ្ឋាននោះទៅកន្លែងផ្ញើរថយន្ត និងម៉ូតូ ហើយក្រុមសន្តិសុខក៏នាំបុរសម្នាក់នោះមកសួរបញ្ជាក់ដែរ ធ្វើឱ្យរឿងកាន់តែវែងឆ្ងាយថែមទៀត ខណៈដែលបុរសម្នាក់នោះបានប្រាប់ថា ខ្លួនពុំមានពាក់ព័ន្ធរឿងអ្វីជាមួយឈ្មោះ និត នោះឡើយ គ្រាន់តែជាអ្នកអង្គុយជិតៗគ្នាប៉ុណ្ណោះ។ រីឯឈ្មោះ និត ក៏មិនប្រាកដចិត្តថាជាបុរសម្នាក់នោះមែនឬក៏មិនមែននោះទេ ទើបខាងសន្តិសុខបានសុំទោស និងឱ្យភ្ញៀវម្នាក់នោះត្រឡប់ទៅវិញបាត់ទៅ។

បន្ទាប់ពីកើតហេតុ ដោយសារមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកភាគីម្ខាងទៀតដែលជាអ្នកឲ្យគ្រាប់កាំភ្លើងនោះមករូបខ្លួនផងដែរ ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print