ចិន រុស្ស៊ី និង​គុយបា ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ ជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ​

ចែករំលែក៖

អន្តរជាតិ៖ បើទោះបីជាប្រទេសចិន រុស្ស៊ី និង​គុយបា ដែល​ត្រូវបាន​មើលឃើញថា មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនសូវ​ល្អនោះ កាលពីថ្ងៃទី​១៣ តុលាថ្មីៗនេះ ក៏​បានជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មីជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បន្ទាប់ពីបាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​១៥​ប្រទេស​ សម្រាប់​អាណត្តិ​៣​ឆ្នាំ ដែល​នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ពី​ឆ្នាំ​២០២១ ដល់​២០២៣ ​។

ក្រោយពេល​ប្រទេសចិន​ ជាប់ឆ្នោត​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ស្ថាន​បេសកកម្ម​របស់ខ្លួន​នៅ​អង្គការសហប្រជាជាតិ​លើកឡើងថា តែងតែ​ភ្ជាប់​សារៈសំខាន់​នៃ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ ​បេសកកម្មរបស់​ចិន​ បានលើកឡើងទៀតថា៖ «​ដោយ​យក​លំនាំ​តាម​លក្ខណៈ​បែប​ចិន ចិន​សម្រេចបាន​សមិទ្ធ​ផល​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សិទ្ធិមនុស្ស​​»។

ជាក់ស្តែង មុននឹង​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ឆ្នាំ​២០២១–២០២៣ ចិន​ធ្លាប់ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​៤​ដង​រួម​មកហើយ ពោលគឺ​ក្នុង​ឆ្នាំ​២០០៦ ២០០៩ ២០១៣ និង​២០១៦​។ ដោយចិន​ បានអះអាងថា ខ្លួន​នឹងចូលរួម​យ៉ាង​ស៊ីជម្រៅ​ក្នុង​ការងារ​របស់​ក្រុមប្រឹក្សា ដោយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ប្រឆាំងនឹង​ការប្រើប្រាស់​ស្ថាប័ន​នេះ​ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​។ មិនតែប៉ុណ្ណោះ ចិន ក៏​អះអាង​ផងដែរ​ថានឹង​ជំទាស់​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយ​មិន​ត្រឹមត្រូវ និង​ការអនុវត្ត​បទដ្ឋាន​ពីរ​ផងដែរ​។​

​សូមជម្រាបថា ចិន ស្ថិតក្នុង​ចំណោម​ប្រទេស​៤ ដែល​ជាប់ឆ្នោត​សម្រាប់​កូតា​អាសន​្នមកពី​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្រៅពី​ចិន ប្រទេស​ដែល​ជាប់ឆ្នោត​សម្រាប់​អាស៊ី មាន​ប៉ា​គី​ស្ថាន នេ​ប៉ាល់ អ៊ូ​ស​បេ​គី​ស្ថាន​។ ចំណែក ប្រទេសអា​រ៉ា​ប៊ី​សា​អូឌីត ក៏​ឈរឈ្មោះ​ផងដែរ ប៉ុន្តែ​ទទួលបាន​សំឡេងគាំទ្រ​តិចជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​៥ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ខក​ឱកាស​អង្គុយ​កៅអី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។

ជាក់ស្តែង​សម្រាប់​ការបោះឆ្នោត​លើក​នេះ ចិន​ទទួលបាន​ត្រឹមតែ​១៣៩​សំឡេង​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ​២០​ភាគរយ ធៀប​នឹង​កាលពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦​។​ បន្ទាប់ពីជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ពេលនេះ ចិន ក៏ត្រូវ​រង​ការរិះគន់​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ដែរ​។ព្រោះប្រទេស​លោកខាងលិច រិះគន់​ចិន​លើ​បញ្ហា​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ទី​បេ ក៏ដូចជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​ទីក្រុង​ហុងកុង​។ ក្រៅពី​ចិន ដែល​រង​ការរិះគន់​ពីលើ​បញ្ហា​សិទ្ធិមនុស្ស រុស្ស៊ី និង​គុយបា​ក៏​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​នេះ​សម្រាប់​កៅអី​តំណាង​តំបន់​រៀងៗ​ខ្លួន​ដែរ​។

ដោយឡែក នាយក​អង្គការ Human Rights Watch ប្រចាំ UN លោក Louis Charbonneau ក៏បាន​អះអាងថា បើសិន​ជាមាន​ប្រទេស​ផ្សេង​ឈរឈ្មោះ​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា នោះ​រុស្ស៊ី ចិន និង​គុយបា​ ប្រាកដជា​ចាញ់​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏​ជាអ្នករិះគន់​ចិន​ចំៗផងដែរ​។ បន្ថែមពីនេះប្រមុខការទូត​អាមេរិក​រូបនេះ អះអាងថា​៖« ជាថ្មី​ម្តងទៀត អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ជ្រើស​យក​ប្រទេស​ដែលមាន​កំណត់ត្រា​មិនល្អ​លើ​បញ្ហា​សិទ្ធិមនុស្ស​»​។​

​គួរជម្រាបដែរថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ និង​ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​អង្គ​មហាសន្និបាត​។ ហើយស្ថាប័ន​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន​៤៧ ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ជាសម្ងាត់ និង​មាន​អាណត្តិ​៣​ឆ្នាំ​។ ព្រោះបច្ចុប្បន្ន ក្រុមប្រឹក្សា​នេះ​ទទួលខុសត្រូវ​ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ រដ្ឋ​សមាជិក​ទាំង​៤៧ ត្រូវបាន​បែងចែក​តាម​តំបន់ ដោយ​អាស៊ី​-​ប៉ាស៊ីហ្វិក និង​អាហ្វ្រិក​មាន​១៣​រដ្ឋ​ដូចគ្នា អឺរ៉ុប​ខាងកើត​៦​រដ្ឋ អាមេរិក​ឡាទីន​និង​កា​រ៉ា​អ៊ី​ប​៨​រដ្ឋ និង​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងៗ​ទៀត​៧​រដ្ឋ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print