ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីកាកបាទក្រហមទាំងអស់ សូមចូលរួមការសោកស្តាយ និងសម្តែងនូវអាណិតអាសូរដល់បងប្អូនដែលបានរងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមផេកហ្វេសប៊ុករបស់កាកបាទក្រហមកម្ពុជា បង្ហោះកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។
ក្នុងខ្លឹមសាររបស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេស ជាពិសេស គឺខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ដែលកំពុងរងគ្រោះខ្លាំងជាងគេ ដោយពុំទុកអ្នកណាមួយចោលនោះទេ។
កាកបាទក្រហមកម្ពុជា ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់គ្នាត្រូវរក្សាអនាម័យឲ្យបានល្អ ដូចជា៖ បរិភោគទឹកដែលបានដាំឆ្អិនត្រឹមត្រូវ , ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ,បន្តការបង្ការការឆ្លងមេរោគ COVID-19 នៅក្នុងសហគន៍ និងការពារការឆ្លងមេរោគគ្រុនឈាម និងគ្រុនឈាក ដល់កុមារ និងទារក ។
គួរបញ្ជាក់ថា គ្រប់កាលៈទេសៈ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅតែបន្ដការយកចិត្ដទុក្ខដាក់ខ្ពស់ ពីសុខទុក្ខរបស់កូនចៅ មិនថាក្ដៅរីងស្ងួតហួតហែង ត្រជាក់រងារយ៉ាងណា ក៏ម្ដាយដ៏សប្បុរសរូបនេះ បន្ដស្វះស្វែង និងចាត់ចែងក្រុមការងារ ចុះជួយសម្រាលការលំបាក ដោយមិនដែលរំលងកូនចៅណាម្នាក់ឡើយ។៕ដោយ៖ស តារា