សារព័ត៌មាន TASS របស់រុស្ស៊ី នៅថ្ងៃទី១៦ខែតុលា បានផ្សាយថា វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ទី៣ផលិតដោយមជ្ឈមណ្ឌល Chumakov មានទីតាំងនៅNovosibirsk ប្រទេសរុស្ស៊ី ផលិតបានជោគជ័យ ដោយចាប់ផ្តើមធ្វើតេស្តជាលើកចុងក្រោយ។ បច្ចុប្បន្នរុស្ស៊ីបានអនុញ្ញាតជាផ្លូវការ ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីរប្រភេទរួចមកហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងទី៣ គឺស្ថិតដល់ដំណាក់កាលចុងក្រោយ ហើយនឹងប្រកាសជាផ្លូវការ នៅអំឡុងខែធ្នូឆ្នាំ២០២០នេះ។ លោកបន្តទៀតថា «យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អក្រោយការធ្វើតេស្ត»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីបានឲ្យដឹងថា ក្នុងចំណោមវ៉ាក់សាំង៣ប្រភេទ ដែលផលិតបាន មានពីរប្រភេទប៉ុណ្ណោះ ដែលបានចុះបញ្ជីជាផ្លូវការ។ កាលពីថ្ងៃទី១១ខែសីហា រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក មានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតដោយមជ្ឈមណ្ឌល N.F.Gamalei ដែលមានឈ្មោះថា Sputnik V ។វ៉ាក់សាំងទីមួយទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការធ្វើតេស្ត ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។
ចំណែកវ៉ាក់សាំងទីពីរ មានឈ្មោះថា EpiVacCorona ដែលរុស្ស៊ីបានអនុម័តនោះ កំពុងតែ សាកល្បងទៅលើក្រុមស្ម័គចិត្តប្រមាណ៥ពាន់នាក់ ។ ចំណែកវ៉ាក់សាំងទី៣ មិនទាន់ដឹងមានឈ្មោះអ្វីនៅឡើយទេ ដោយស្ថិតនៅក្នុងដំណាក់កាលសាកល្បង មុនពេលចុះបញ្ជី៕