អន្តរជាតិ៖ បន្ទាប់ពីរដ្ឋបាលអាមេរិក តែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ ជាអ្នកសម្របសម្រួលកិច្ចការទីបេ បានធ្វើឲ្យរដ្ឋាភិបាលចិន កាលពីថ្ងៃទី១៥ ខែតុលាថ្មីៗនេះ បានខឹងច្រឡោតនិងចោទអាមេរិកថា ព្យាយាមបង្ករអស្ថិរភាពនៅក្នុងតំបន់ទីបេ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ក្រោយតំណែងជាអ្នកសម្របសម្រួលសំណុំរឿងទីបេនេះ ត្រូវបានរដ្ឋបាលអាមេរិក ទុកឲ្យទំនេរតាំងតែពីដើមឆ្នាំ២០១៧ ។
ការតែងតាំងលោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ ឲ្យទទួលការងារបន្ថែមលើសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ទីបេរបស់ចិន បានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃប៉ុមប៉េអូ នាថ្ងៃទី១៤ ខែតុលា កន្លងទៅ។ ប៉ុន្តែចិន មិនពេញចិត្តទាល់តែសោះតំណែងអ្នកសម្របសម្រួលនេះ។ តាំងតែពីដើមឡើយ ចិនបានច្រានចោលយ៉ាងដាច់អហង្ការ ក្នុងការធ្វើការជាមួយមន្ត្រីអាមេរិកសម្របសម្រួលកិច្ចការទីបេនេះ។
ជាក់ស្តែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៥ ខែតុលា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា៖« កិច្ចការទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន និងមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសឡើយ»។ លោក សង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាតទង្វើខាងលើ ព្រោះការបង្កើតតំណែងមន្ត្រីសម្របសម្រួលកិច្ចការទីបេដោយអាមេរិក ជាការធ្វើចំណេញនយោបាយដើម្បីអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្ករអស្ថិរភាពក្នុងតំបន់ទីបេ។
ដោយឡែក លោក ប៉ុមប៉េអូ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា លោក Destro នឹងដឹកនាំកិច្ចការរបស់អាមេរិកក្នុងការលើកកម្ពស់ការសន្ទនារវាងសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចសង្ឃដាឡៃ ឡាម៉ា ឬអ្នកតំណាង សាសនា ភាសា និងវប្បធម៌ទីបេ។សេចក្តីថ្លែងការណ៍បន្តថា លោក Destro ក៏នឹងជំរុញឲ្យមានការគោរពសិទ្ធមនុស្សនៅទីបេផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian អះអាងថា ប្រជាជនតំបន់ទីបេ ជាផ្នែកមួយនៃគ្រួសារចិន និងចាប់តាំងតែពីការកាន់កាប់មក តំបន់នេះមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងប្រសើរ។ ដោយសារតំបន់ទីបេ ត្រូវបានចិនកាន់កាប់ក្នុងឆ្នាំ១៩៥០ ដោយអះអាងថាជាការរំដោះប្រជាជនទីបេពីរបបសក្តិភូមិដោយសន្តិវិធី។ លោកបន្ថែមថា សេរីភាពសាសនា និងសិទ្ធិមនុស្សរបស់បុគ្គលគ្រប់រូបនៅតំបន់ទីបេត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន។
យ៉ាងណាមិញជុំវិញបញ្ហាខាងលើ អ្នករិះគន់ចិន ជាពិសេស សម្តេចសង្ឃដាឡៃ ឡាម៉ា ក៏បានលើកឡើងថា ការគ្រប់គ្រងតំបន់ទីបេដោយចិន បានបំផ្លាញវប្បធម៌តំបន់នេះ។ ព្រោះកាលពីខែកក្កដាកន្លងទៅ អាមេរិកធ្លាប់អះអាងថា នឹងដាក់ទណ្ឌកម្មទិដ្ឋាការទៅលើមន្ត្រីចិនមួយចំនួនដែលរួមចំណែកក្នុងការរំលោភសិទ្ធិមនុស្សក្នុងតំបន់ទីបេ ដោយបន្ថែមថាអាមេរិកគាំទ្រស្វ័យភាពពេញលេញសម្រាប់តំបន់ទីបេ៕ដោយ៖ស តារា