អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ជានាយករដ្ឋមន្ត្រីត្រូវធ្វើរដ្ឋប្រហារដោយយោធា ក្រោមការដឹកនាំរបស់លោកប្រយុទ្ធកាលពីឆ្នាំ២០១៤ ពេលនេះបានចេញមុខវាយប្រហារយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោយពីមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកើតឡើង។
នៅលើបណ្តាញសង្គមTwitter អតីតនាយករដ្ឋមន្ត្រីយីងឡាក់ បានលើកឡើងដោយចោទជាសំណួរថា តើនាយករដ្ឋមន្ត្រីប្រាយុទ្ធមានចាំទេពេលក្រុមបាតុករធ្វើបាតុកម្មទាមទារឱ្យលោកស្រីចាកចេញពីតំណែងកាលពី៦ឆ្នាំមុនដែរឬទេ?
លោកស្រី យីងឡាក់បន្តទៀតថា នៅពេលនោះ លោកប្រាយុទ្ធ ជាមេទ័ពបានសួរលោកស្រីមួយសំណួរថា« តើខ្ញុំអាចបន្តដឹកនាំរដ្ឋាភិបាល ជំនួសលោកស្រីបានដែរឬទេ?»។
នៅលើបណ្តាញសង្គម Twitter លោកស្រីយីងឡាក់ បានបង្ហោះថា«ថ្ងៃនេះ រឿងរ៉ាវ ដូចគ្នានោះបានកើតឡើងចំពោះលោក «ប្រាយុទ្ធ» ក្រោយពេលមាននិស្សិតជាង១សែននាក់ និងពលរដ្ឋជាច្រើនទាមទារឲ្យលោកចុះចេញពីតំណែង»។លោកស្រីបន្តទៀតថា «ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ នឹងចាំនូវអ្វីដែលលោកបានសួរខ្ញុំកាលពី៦ឆ្នាំមុន ហើយខ្ញុំសង្ឃឹមថា លោកនឹងសម្រេចជាបន្ទាន់ដើម្បីនាំប្រទេសជាតិវិលត្រឡប់មកកាន់សន្តិភាព និងស្ថិរភាពវិញ»។
ស្ថានភាពបាតុកម្មនៅក្នុងប្រទេសថៃ បានស្ងប់ស្ងាត់វិញបណ្តោះអាសន្ន ក្រោយកាលពីល្ងាចថ្ងៃទី១៧ខែតុលា មេដឹកនាំបាតុកម្មបានអំពាវនាវដល់បាតុករទាំងអស់ វិលត្រឡប់ទៅផ្ទះសម្រាកយកម្លាំង ដើម្បីត្រៀមតស៊ូនៅថ្ងៃក្រោយបន្តទៀត៕