នៅថ្ងៃទី១៨ខែតុលា រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រកាសថា បានបានរកឃើញមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ ក្រសួងសុខាភិបាលនូវែលហ្សេឡង់បានលើកឡើងថា ករណីឆ្លងថ្មី គឺជាបុគ្គលិកធ្វើការនៅកំពង់ផែ ដោយបានធ្វើតេស្តរកឃើញវិជ្ជមាននៅថ្ងៃទី១៧ខែតុលា។
ដោយសារតែអ្នកឆ្លងកូវីដ-១៩ថ្មីបានរកឃើញ ក្រោយពេលចេញអាការដូច្នេះអ្នកដែលបានជួបជាមួយអ្នកជំងឺថ្មី នឹងត្រូវធ្វើចត្តាឡីស័កទាំងអស់។ តាមការសន្និដ្ឋានអ្នកជំងឺកូវីដថ្មី អាចឆ្លងតាំងពីថ្ងៃទី១៤ខែតុលា។
ករណីឆ្លងថ្មី កើតឡើងក្រោយពេលនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រីJacinda Ardern ប្រកាសថា ប្រទេសនេះបានយកឈ្នះទៅលើវីរុសកូវីដ-១៩ ដោយទប់ស្កាត់មិនមានករណីឆ្លងថ្មីទៀតឡើយ។ ប៉ុន្តែនៅពេលនេះលោកស្រី បានប្រកាសថា មិនទាន់អនុម័តច្បាប់គម្លាតជាថ្មីនៅឡើយទេ បើទោះបីមានករណីឆ្លងថ្មីក្នុងសហគមន៍ក្តី។
កាលពីខែឧសភាកន្លងមក នូវែលហ្សេឡង់បានប្រកាសថា បានគ្រប់គ្រងបានល្អពីការឆ្លងរាលដាល កូវីដ-១៩។ ប៉ុន្តែ ៣ខែក្រោយមក នៅរដ្ឋធានី Auckland បានរកឃើញមានករណីឆ្លងថ្មីបង្ខំឲ្យនាយករដ្ឋមន្ត្រីត្រូវប្រកាសអាសន្នបិទទីក្រុងទាំងមូល។
ការឆ្លងរាលដាលក្នុងសហគមន៍ថ្មីនេះ កើតឡើងក្រោយពេលលោកស្រី Jacinda Ardern ជាប់ឆ្នោតដឹកនាំនូវែលហ្សេឡង់មួយអាណត្តិទៀត ។ ពលរដ្ឋគាំទ្រខ្ពស់ ដោយសារតែលោកស្រីគ្រប់គ្រងបានល្អក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩៕