អន្តរជាតិ៖ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដកស្រង់ចេញផ្សាយពីក្រុមអ្នកជំនាញយោធា ដោយជឿជាក់ថា បច្ចុប្បន្ននេះ ទីក្រុងប៉េកាំង កំពុងបង្កើនកម្លាំងយោធា និងដាក់ពង្រាយមីស៊ីលទំនើបចុងក្រោយបំផុតរបស់ខ្លួន នៅតាមមូលដ្ឋានយោធាស្ថិតនៅតំបន់ឆ្នេរភាគអាគ្នេយ៍ ដើម្បីត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់។
ថ្លែងប្រាប់សារព័ត៍មាន South China Morning Post ប្រភពពីយោធាចិន បានអះអាងថា៖ មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បច្ចុប្បន្នកងទ័ពរំដោះប្រជាជនចិន (PLA) បាន និងកំពុងពង្រឹងមូលដ្ឋានមីស៊ីលរបស់ខ្លួន ជាមួយការដាក់ពង្រាយមីស៊ីលhypersonic DF-17 ជំនួសប្រព័ន្ធមីស៊ីលស៊េរីចាស់។
ប្រភពដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«មីស៊ីល hypersonic DF-17 បានដាក់ពង្រាយជំនួសមីស៊ីលស៊េរីចាស់ DF-11 និង DF-15 ដែលត្រូវបានដំឡើងនៅតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន អស់រយៈពេល ជាច្រើនទសវត្សរមកហើយ។ ហើយមីស៊ីលថ្មីនេះ មានសមត្ថភាពវាយប្រហារចំគោលដៅយ៉ាងជាក់លាក់»។
បើតាមសម្តីលោក Andrei Chang និពន្ធនាយកនៃទស្សនាវដ្ដី Kanwa Defence Review បានឱ្យដឹងថា មូលដ្ឋានយោធាមួយក្នុងទីក្រុង ពូនីង (Puning) នៃខេត្តក្វាងទុង ត្រូវបានធ្វើបច្ចុប្បន្នភាព ហើយបច្ចុប្បន្នមូលដ្ឋាននេះត្រូវបានដាក់ពង្រាយដោយមីស៊ីលជំនាន់ថ្មី។ ប៉ុន្តែលោកChang មិនបានបញ្ជាក់លម្អិត ពីប្រភេទមីស៊ីលនេះនោះទេ ដោយគ្រាន់តែនិយាយថាមីស៊ីលស៊េរីចាស់ DF-11 និង DF-15 មិនមានសមត្ថភាពវាយប្រហារដល់មូលដ្ឋានទ័ពក្នុងទីក្រុង Taitung និងទីក្រុង Hualien នៅលើកោះតៃវ៉ាន់ឡើយ។
ជាក់ស្តែងបើតាមរូបភាពពីផ្កាយរណប មូលដ្ឋានរបស់កងម៉ារីន និងកម្លាំងគ្រាប់រ៉ុក្កែតរបស់ចិន នៅក្នុងខេត្ត ហ្វូជាំង (Fujian) និងខេត្តក្វាងទុង(Guangdong) ត្រូវបានពង្រីកកាន់តែធំ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សូមជម្រាបថា មីស៊ីល hypersonic DF-17 គឺជាប្រភេទមីស៊ីលលឿនជាងសំឡេង ឬ hypersonic missile ដែលអាចបាញ់បានចំងាយ២,៥០០គីឡូម៉ែត្រ ហើយមីស៊ីលនេះត្រូវបានដាក់បង្ហាញក្នុង ព្យុហយាត្រាយោធាមួយនៃកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី០១ ខែតុលាឆ្នាំ២០១៩។
គួរបញ្ជាក់ថា កន្លងមកចិន បានគំរាមជាច្រើនលើកថានឹងបង្រួបបង្រួមកោះតៃវ៉ាន់ ដោយកម្លាំងយោធា នៅក្នុងករណីចាំបាច់។ ប៉ុន្តែអ្នកជំនាញជាច្រើនយល់ថា ការវាយប្រហារណាមួយលើកោះតៃវ៉ាន់ អាចនឹងរុញឱ្យចិន ត្រូវប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏ធំរបស់តៃវ៉ាន់ផងដែរ៕ដោយ៖ស តារា