រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រកាសថា ខ្លួនបានយល់ព្រមនៅក្នុងការលក់យន្តហោះចម្បាំង F-16 ប្រភេទ Lockheed Martin Corp ចំនួន៨គ្រឿងឲ្យទៅរដ្ឋាភិបាលប៉ាគីស្ថាន ។ ប្រព័ន្ធរ៉ាដា និងបរិក្ខាដទៃផ្សេងទៀតត្រូវបានព្រមព្រៀងលក់ទៅឲ្យប៉ាគីស្ថានផងដែរ ក្នុងទំហំទឹកប្រាក់ប្រមាណ៦៩៩លានដុល្លារ ។
មន្ទីរសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិរបស់បង់តាហ្គូន ដែលមានភារកិច្ចនៅក្នុងការលក់អាវុធទៅក្រៅប្រទេសរបស់អាមេរិកនោះបានបញ្ជាក់ថា ខ្លួនបានជ្រូតជ្រាបអំពីកិច្ចព្រមព្រៀងខាងលើនេះហើយ ។
មន្ទីរសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិរបស់មន្ទីរបង់តាហ្គូនខាងលើនេះបានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ F-16 ទាំងនោះនឹងត្រូវបញ្ជូនឲ្យទៅកាន់កងទ័ពជើងអាកាសប៉ាគីស្ថាន ដើម្បីធ្វើប្រតិបត្តិការបានគ្រប់រដូវកាលទាំងអស់ ទាំងយប់ ទាំងថ្ងៃ ខណៈដែលប្រទេសនេះបាននិងកំពុងពង្រឹងសមត្ថភាពខ្លួនដោយខ្លួនឯងដើម្បីការពារជាតិ និងពង្រឹងសមត្ថភាពនៅក្នុងការប្រឆាំងក្រុមភេរវកម្ម និងក្រុមឧទ្ទាមជ្រុលនិយមផងនោះ ។
តំណាងរាស្ត្រអាមេរិកទាំងអស់មានពេលវេលា៣០ថ្ងៃ នៅក្នុងការរារាំង ជំទាស់កិច្ចព្រមព្រៀងទិញ លក់អាវុធខាងលើនេះ ។ ប៉ុន្តែទោះបីយ៉ាងណា ការបោះឆ្នោតជំទាស់ពីក្រុមតំណាងរាស្ត្រលើកិច្ចព្រមព្រៀងទិញ លក់យន្តហោះខាងលើនេះ មិនអាចទៅរួចនោះឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត