សារព័ត៌មានThe Nation របស់ថៃបានផ្សាយថា តាមរបាយការណ៍របស់គណកម្មការស្រាវជ្រាវស៊ើបអង្កេតពីកម្មវិធីជំនួយតម្លៃទិញស្រូវអង្កររបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានធ្វើឲ្យថវិកាជាតិត្រូវបាត់បង់រហូតដល់២៥០ពាន់លានបាត ប្រហាក់ប្រហែលប្រមាណ៧ពាន់លានដុល្លារអាមេរិក។
ក្រុមប្រឆាំងលោកស្រីយីងឡាក់បានទាមទារឲ្យលោកស្រីត្រូវតែទទួលខុសត្រូវពីការខាតបង់ទាំងនោះ។
គណកម្មការស្រាវជ្រាវ ដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចារ ដឹកនាំដោយលោក Jiraachai Moontongroy ដើម្បីស្រាវជ្រាវទៅលើការ ចំណាយរបស់រដ្ឋាភិបាលចាស់ក្រោមការដឹកនាំរបស់លោកស្រីយីងឡាក់ ។
តាមរបាយការណ៍របស់គណៈកម្មការខាងលើ លោកស្រីយីងឡាក់ បានធ្វើព្រងើយចំពោះកាតព្វកិច្ចរបស់ខ្លួន ហើយលោកស្រីត្រូវតែទទួលខុសត្រូវពីការខាតបង់របស់រដ្ឋ។
របាយការណ៍ក៏បានបង្ហាញពីការខុសឆ្គងចំនួន៣ពីកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករ ក្នុងនោះមាន ៖ ការទិញស្រូវអង្ករពីពលរដ្ឋក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ។ អង្ករស្តុកក្នុងឃ្លាំងលក់ចេញក្នុងតម្លៃថោក។លោកស្រីមិនខ្វល់ពីការស្នើឲ្យបញ្ចប់កម្មវិធីទិញអង្ករនោះ ទើបធ្វើឲ្យមានការខាតបង់ជាច្រើន ៕
ប្រែសម្រួល៖ ម៉ែវ សាធី