​សកម្មភាព​របស់​កូរ៉េ​ខាងជើង​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ដុនដាប

ចែករំលែក៖

សកម្មភាព​របស់​កូរ៉េ​ខាងជើង​ នា​ពេល​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទីក្រុង​ព្យុ​ង​យ៉ាង​ កំ​ពុង​តែ​ធ្វើ​ឲ្យ​ខ្លួន​កាន់តែ​វេទនា​ នៅ​ពេល​ដែល​ប្រទេស​ជិតខាង​ ដូច​ជា​កូរ៉េ​ខាងត្បូង ​និង​ចិន​ឈប់​ផ្តល់​ជំនួយ​ស្បៀងអាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ប្រទេស​នេះ​ ។​

​នៅ​ពេល​នេះ ​ចិន​កំពុង​តែ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​ ក្រោយ​ពេល​ដែល​ប្រទេស​នេះ ​បាន​សាកល្បង​គ្រាប់បែកបរមាណូ ​និង​កាំជ្រួច​មី​ស៊ី​ល​ បំពាន​ទៅ​លើ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ ​។​

​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​សភា​អា​មេ​រិ​កបាន​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាងជើង​ ។​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អនុម័ត​ច្បាប់​សភា​អា​មេ​រិ​ក​មាន​សំឡេង​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​រហូត​ដល់​ទៅ​408-2​ សំឡេង​។​ នៅ​ពេល​នេះ​ច្បាប់​បាន​បញ្ជូន​ទៅ​កាន់​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា​ហើយ​ដើម្បី​ចុះហត្ថលេខា​ចូល​ជា​ធរមាន​។​

​បណ្តា​តំណាងរាស្ត្រ​អា​មេ​រិ​កបាន​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ក្នុង​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាងជើង​បន្ថែម​។​ អង្គការសហប្រជាជាតិ​ក៏​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ទៀត​ក្នុង​នោះ​មាន​ចិន​ជាដើម​ដែល​ជា​សម្ពន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​កូរ៉េ​ខាងជើង​ ចូលរួម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​នេះ​ ដើម្បី​ឲ្យ​ទីក្រុង​ព្យុ​ង​យ៉ាង​បោះបង់​កម្មវិធី​បរមាណូ​និង​កាំជ្រួច​មី​ស៊ី​ល​ ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល​។​

​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ​រួម​មាន​ដៃគូ​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង​ ទាំង​ឯកជន​និង​រដ្ឋ​។​ កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​កន្លង​ទៅ​ ព្រឹទ្ធសភា​អា​មេ​រិ​ក​ក៏​បាន​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង​ដោយ​មាន​សំឡេង​គាំទ្រ​រហូត​ដល់​ទៅ​១០០​ភាគរយ​។​

​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ​គឺ​ដើម្បី​រារាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​រកបាន​ប្រាក់​ចំណូល​ច្រើន​ក្នុង​ការ​បង្កើន​ផលិត​គ្រាប់បែកបរមាណូ​និង​កាំ​ជ្រូ​ច​មី​ស៊ី​រយៈ​ចម្ងាយ​ឆ្ងាយ​អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ ។​

​តាម​ច្បាប់​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​អា​មេ​រិ​ក​ ស​ម្តៅ​ទៅ​លើ​បុគ្គល​ឬ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងជើង​ ។​ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​អ​មេ​រិ​ក​ក្រោយ​ពេល​ដែល​កូរ៉េ​ខាងជើង​បាន​កាត់​ផ្តាច់​ទាំងស្រុង​នូវ​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង​និង​បិទ​ក្រុមហ៊ុន​ទាំងឡាយ​នៅ​តំបន់ឧស្សាហកម្ម​រួម​កេ​ស៊ុ​ង​។​

​ការ​ដាក់​ទណ្ឌកម្ម​នោះ​ក្រោយ​ពេល​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ចាក​ចេញពី​តំបន់ឧស្សាហកម្ម​កេ​ស៊ុ​ង​ពេល​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ដើម្បី​បង្រួបបង្រួម​កូរ៉េ​ដោយ​សន្តិវិធី​របស់​កូរ៉េ​ខាងជើង​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​កូរ៉េ​ខាងជើង​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​គ្រប់​រូប​វេច​បង្វេច​ចេញពី​តំបន់​កែ​ស៊ុ​ង​ឲ្យ​បាន​មុន​ម៉ោង​៥​ល្ងាច​ ម៉ោង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​និង​អនុញ្ញាត​ឲ្យ​យក​តែ​របស់របរ​ផ្ទាល់ខ្លួន​ទៅ​ជាមួយ​។​ ទន្ទឹម​គ្នា​នោះ​កូរ៉េ​ខាងជើង​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​រឹបអូស​ប្រមូល​យក​ទ្រព្យសម្បត្តិ​ទាំងអស់​ រួម​ទាំង​គ្រឿង​ម៉ាស៊ីន​និង​សម្ភារ​ផ្សេងៗ​របស់​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ដែល​មាននៅ​ក្នុង​តំបន់​កេ​ស៊ុ​ង​នោះ​។​

​សេចក្តី​ប្រកាស​បាន​បន្ថែម​ថា​ចាប់ពី​ថ្ងៃនេះ​តទៅ​តំបន់ឧស្សាហកម្ម​កេ​ស៊ុ​ង​នឹង​ក្លាយជា​តំបន់​យោធា​ព្រមទាំង​ប្រកាស​ព្យួរ​ចោល​រាល់​បណ្តាញ​ទូរគមនាគមន៍​យោធា​រវាង​បងប្អូន​គូសត្រូវ​ទាំង​២​ដោយ​គ្មាន​កំណត់​រយៈពេល​ ។​ ការ​ប្រើ​ធម៌​ក្តៅ​របស់​កូរ៉េ​ខាងជើង​ពេល​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ចំណាត់ការ​របស់​កូរ៉េ​ខាងត្បូង​ដែល​បាន​សម្រេចចិត្ត​បិទទ្វារ​តំបន់​កេ​ស៊ុ​ង​តែ​ម្នាក់ឯង​។​ ទីក្រុង​សេ​អ៊ូ​ល​បាន​លើកយក​ហេតុផល​ថា​ទ​ង្វើ​របស់​ខ្លួន​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ព្យុ​ង​យ៉ាង​ដែល​បាន​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​អន្តរទ្វីប​នា​ពេល​កន្លង​ទៅ​។​

​សូម​ជម្រាប​ជូន​ថា​ តំបន់ឧស្សាហកម្ម​កេ​ស៊ុ​ង​ (Kaesong​ Industrial​ Complex)​ ដែល​ស្ថិត​ក្នុង​ទឹកដី​កូរ៉េ​ខាងជើង​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ​២០០២​ដើម្បី​ធ្វើ​ជា​ស្ពាន​ចម្លង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​។​តំបន់ឧស្សាហកម្ម​មួយ​នេះ​ មាន​សុទ្ធតែ​ក្រុមហ៊ុន​ និង​រោងចក្រ​សហគ្រាស​របស់​កូរ៉េ​ខាងត្បូង​សរុប​១២៤​ ក្រុមហ៊ុន​ និង​បាន​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាងជើង​ប្រមាណ​ជា​៥៤.០០០​នាក់​។​ក្នុង​មួយ​ឆ្នាំៗ​របប​កុម្មុយនីស្ត​ក្រុង​ព្យុ​ង​យ៉ាង​ទទួល​បាន​ប្រាក់​ចំណូល​ពី​តំបន់​កេ​ស៊ុ​ង​ជា​ច្រើន​លាន​ដុល្លា​៕

Keasong

...

ប្រែសម្រួល៖​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print