ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តហ៊ីយ៉ាន់ដាយធុនធំសង្ស័យងោកមួយភាំងបានបើកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលស្លាកប៉ាណូបាក់រាបដល់ដី ចំណែកអ្នកបើករថយន្តបានគាបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១០យប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវលេខ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-1656
ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តជាច្រើនគ្រឿងឈប់បន្តកន្ទុយគ្នានៅនឹងភ្លើងស្តុប ពេលនោះសង្ស័យអ្នកបើកបរងោកមួយភាំង
ទើបរេចង្កូតជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យដែកបង្គោលប៉ាណូវៀចបោកផ្ទប់ជាប់ជាមួយកាប៊ីនរថយន្តគាបជាប់ជើងអ្នកបើកបររើមិនរួច។
ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរកន្លែងកើតហេតុ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន និងជំនាញបាននាំគ្នាយកដែកជួយគាស់ដើម្បីសង្គ្រោះអ្នកបើកដែលគាបជាប់នៅក្នុងកាប៊ីន តែគាស់មិនបាន ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បានហៅរថយន្តស្ទូចមួយគ្រឿង ដែលបានបើកឆ្លងកាត់នៅកន្លែងកើតហេតុឲ្យជួយយកខ្សែកាប្លិ៍ថ្ពក់ជាប់នឹងកាប៊ីនទាញ ទើបអាចយកអ្នកបើកបរចេញពីរថយន្តបាន
រួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ចំណែករថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕
ជ្រោយពេជ្រ