អន្តរជាតិ៖ នៅខែវិច្ឆិកា ខាងមុខនេះ អូស្ត្រាលី ជប៉ុន អាមេរិក និងឥណ្ឌា នឹងធ្វើសមយុទ្ធយោធាជើងទឹក Malabar ទ្រង់ទ្រាយធំក្នុងឈូងសមុទ្របេងហ្កាល់។ ហើយនេះជាលើកទីមួយរាប់ចាប់ពីឆ្នាំ២០០៧ ដែលអូស្ត្រាលីធ្វើសមយុទ្ធជាមួយប្រទេសដទៃ។ ខណៈដែលសមយុទ្ធនេះត្រូវបានគេមើលឃើញថាជាការប្រជែងនឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ចំណែកឯសមយុទ្ធនេះ ទំនងនឹងត្រូវចិនតវ៉ាខ្លាំងមិនខាន ព្រោះចិនដឹងខ្លួនថា សមយុទ្ធនេះ ដាក់ភ្នែកលើខ្លួនតែម្ដង។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Linda Reynolds អះអាងនៅថ្ងៃទី១៩ តុលាថា សមយុទ្ធនេះបង្ហាញពីដំណោះស្រាយរួម ក្នុងការគាំទ្រតំបន់ប៉ាស៊ីហ្វិក បើកចំហ និងរុងរឿង។ ចំណែក រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បញ្ជាក់ថាសមយុទ្ធនេះនឹងធ្វើឡើងក្នុងសមុទ្រអារ៉ាប់ និងឈុងសមុទ្របេងហ្កាល់ ដែលជាទីតាំងប្រកួតប្រជែងយុទ្ធសាស្ត្ររវាងឥណ្ឌា និងចិន។
ចំពោះការធ្វើសមយុទ្ធរវាងប្រទេសទាំង៤នេះ ធ្វើឡើងចំពេលដែលអាមេរិក និងចិនកំពុងមានទំនាក់ទំនង់ការទូតអាប់អួរបំផុត។ ចំណែកចិន ក៏កំពុងតែមានទំនាស់ជាមួយអូស្ត្រាលី លើបញ្ហាជំនួញ និងការទូត រីឯឥណ្ឌាកំពុងបន្តមានទំនាស់នៅព្រំដែនជាមួយចិន។ ចិន និងឥណ្ឌាកំពុងប្រឈមមុខគ្នានៅព្រំដែន ដោយដាក់កងទ័ពបញ្ឈរជើងរាប់ពាន់នាក់ក្រោយមានការប៉ះទង្គិចគ្នាកាលពីខែមិថុនា ដែលសម្លាប់ទាហានឥណ្ឌាចំនួន២០រូប។
អាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនបានរួមគ្នាបង្កើតក្រុម «Quad» ដើម្បីទប់ទល់ទៅនឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ក៏ដូចជាការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យនាវារបស់កងទ័ពចិនអស់រយៈពេលជាច្រើនឆ្នាំ។
សូមជម្រាបថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ចិនបានបង្កើតឥទ្ធិពលនៅប្រទេសមីយ៉ាន់ម៉ា ស្រីលង្កា ប៉ាគីស្ថាន និងបង់ក្លាដែស។ការបង្កើនឥទ្ធិពលរបស់ចិននៅក្នុងប្រទេសទាំងនេះ នាំឲ្យឥណ្ឌាបារម្ភពីបញ្ហាសន្តិសុខរបស់ខ្លួន។
យ៉ាងណាមិញ ប្រទេសទាំង៤ នៅស្ទាក់ស្ទើរ និងមិនទាន់ចុះសម្រុងគ្នាលើវិធីសាស្ត្រក្នុងការប្រឈម ទប់ទល់ និងទាក់ទងជាមួយចិន។ កាលដើមខែតុលាកន្លងទៅ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៤ បានជួបពិភាក្សាគ្នាដើម្បីអភិវឌ្ឍយន្តការ Quad ឲ្យក្លាយជាការប្រឈមនឹងចិនដោយផ្លូវការ។
គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំនៅដើមខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ីឲ្យរួមគ្នាប្រឆាំងជាមួយចិនដែលមានលក្ខណៈកេងប្រវ័ញ្ច ពុករលួយ និងគំរាម៕ដោយ៖ស តារា