បុរសខ្លាំងហ្វីលីពីន ​ថា៖ លោក​ព្រម​ទទួលខុសត្រូវ​ចំពោះ​ករណី​ស្លាប់​ច្រើនពាន់​នាក់ ក្រោម​យុទ្ធនា​ការប្រឆាំងគ្រឿងញៀន​របស់លោក

ចែករំលែក៖

អន្តរជាតិ៖ តាមរយៈ​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​១៩ ខែតុលា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់ថា បើ​មាន​ករណី​ស្លាប់​ណាមួយ​កើតឡើង​អំឡុង​សង្គ្រាម​គ្រឿងញៀន លោក​ព្រម​ទទួលខុសត្រូវ ហើយ​អាច​នាំ​លោក​ទៅកាន់​តុលាការ​កាត់ទោស​បាន​។ «​ខ្ញុំ​គ្មាន​បញ្ហា​ឡើយ​។ បើ​ខ្ញុំបម្រើ​ប្រទេស​ខ្ញុំ​ដោយ​ចូលដេក​គុក​នោះ [​ខ្ញុំ​] រីករាយ​»​។ នេះបើតាមការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP ។​

ប្រធានាធិបតី​ហ្វីលីពីនរូបនេះ អះអាងបន្ថែមថា លោក​ព្រម​ទទួលខុសត្រូវ​ចំពោះ​ករណី​ស្លាប់​ច្រើន​ពាន់​នាក់ ក្រោម​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក​។ មិនតែប៉ុណ្ណោះ លោក​ត្រៀមខ្លួន​ប្រឈម​បទចោទប្រកាន់ ដែល​អាចធ្វើ​ឲ្យ​លោក​ជាប់គុក​ផងដែរ តែ​ពុំមែន​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ឡើយ​។​

​លោក ឌូ​ទើ​តេ ក៏បាន​ប្រកាស​ថា ករណី​សម្លាប់​ប្រឆាំង​គ្រឿងញៀន ដែល​មិន​កើតឡើង​អំឡុង​ប្រតិបត្តិការ​របស់​ប៉ូលីស ពុំគួរ​ទម្លាក់កំហុស​ម​កលើ​លោក​ទេ ហើយ​លោក​បន្ថែមថា ការស្លាប់​ទាំងនោះ ប្រហែល​កើតឡើង​ដោយសារ​ពួក​ពាល​ស៊ី​ពាល​ទៅវិញ​ទេ​។​ ជាក់ស្តែលោក ឌូ​ទើ​តេ បានចាប់ផ្ដើម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន ក្រោយ​ឡើងកាន់​អំណាច​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៦​មក​។ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត ៦​ពាន់​នាក់ ត្រូវបាន​រាយការណ៍​ថា​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលីស​ក្នុង​ប្រតិបត្តិការ​នេះ តែ​ខាង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន​អះអាងថា អ្នកស្លាប់​មាន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។

​ពាក្យបណ្ដឹង​ចំនួន​ពីរ​ទាក់ទង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ការសម្លាប់​រង្គាល​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។ ការស៊ើបអង្កេត​បឋម​របស់​ស្ថាប័ន នឹង​បើក​ឈានដល់​ការស៊ើបអង្កេត​ពេញលេញ បើ​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​នោះ​។

​លោក ឌូ​ទើ​តេ បាន​ឆ្លើយតប​នឹង​ពាក្យបណ្ដឹង​ទាំងនេះ ដោយ​ដកហូត​ប្រទេស​ហ្វីលីពីន​ចេញពី​សាលាក្តី​ពិភពលោក​នេះ​កាលពី​២​ឆ្នាំមុន​។ទោះបីជា​ដកខ្លួន​ចេញ​មែន រដ្ឋអាជ្ញា ICC  លើកឡើងថា ការត្រួតពិនិត្យ​ក្នុង​សំណុំរឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ នឹង​នៅតែ​បន្ត​ដដែល​។

​ទោះជាយ៉ាងណាមិញ លោក​ប្រធានាធិបតី​មាត់ឆៅ​រូបនេះ នៅ​ថ្ងៃទី​១៩ ខែតុលា បាន​សាកសួរ​ទៅកាន់ ICC ថា ហេតុអ្វី​បានជា​គ្រឿងញៀន​ក្លាយទៅជា​មនុស្សជាតិ​ទៅវិញ​? លោក ឌូ​ទើ​តេ ចាត់ទុក​ពួក​ញៀន​ថ្នាំ​ជា​បញ្ហា​សន្តិសុខ​ជាតិ និង​ការគំរាមកំហែង​សាធារណៈ ដូច​ទៅនឹង​ពួក​ឧទ្ទាម​កុម្មុយនីស្ត ដែល​រដ្ឋាភិបាល​ត្រូវកម្ទេច​ចោល​ដូច្នោះ​ដែរ​។

លោក ឌូ​ទើ​តេ លើកឡើង​ទៀតថា៖«​ប្រសិនបើ​រឿងនេះ [​បញ្ហា​គ្រឿងញៀន​] ត្រូវបាន​អនុញ្ញាត​ឲ្យ​កើតមាន​បន្ត ហើយ​ប្រសិនបើ​គ្មាន​សកម្មភាព​ណាមួយ​ជាក់លាក់ ត្រូវបាន​ដាក់ចេញ​ប្រឆាំង​ពួកវា​ទេនោះ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​រដ្ឋ​»​។

​គួរបញ្ជាក់ថា បើយោងតាម​តួលេខ​របស់ស្ថាប័នប៉ូលីស​ហ្វីលីពីន ជនសង្ស័យ​យ៉ាងតិច ៥៨៥៦​នាក់ ត្រូវបាន​សម្លាប់ចោល​ក្នុង​ប្រតិ​ប្ត​តិ​ការឆែកឆេរ ហើយ​ជាង​២៥៦ ០០០ នាក់​ផ្សេងទៀត ត្រូវបាន​ចាប់​ឃាត់ខ្លួន ចាប់តាំងពី​ប្រកាសសង្គ្រាម​ប្រឆាំង​គ្រឿងញៀន​មក​។ ក៏ប៉ុន្តែ​ក្រុម​សិទ្ធិមនុស្ស​ខ្លះ​ចោទថា​អាជ្ញាធរ​រាយការណ៍​ករណី​ស្លាប់​ទាប​ជាង​របាយការណ៍​ពិតប្រាកដ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print