ជប៉ុន និង​ឥណ្ឌូណេស៊ី យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ

ចែករំលែក៖

អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ច​រវាងជប៉ុន និង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ ខែតុលាម្សិលមិញនេះ ទីក្រុង​តូ​ក្យូ បាន​សន្យា​ផ្តល់​ប្រាក់កម្ចី​ជាង៤០០​លាន​ដុល្លារ​ផងដែរ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​COVID-19​។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរ បាន​យល់ព្រម​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ ស្របពេល​ចិន​កំពុង​អុង​អាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ លោក​ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុន បាន​លើកយក​ប្រធានបទ​ជាច្រើន​មក​ជជែកក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​របស់​ជប៉ុន​។ អំឡុង​ទស្សនកិច្ច​នៅ​វៀតណាម លោក ស៊ូ​ហ្កា ក៏​ឯកភាព​ជាមួយ​សម​ភាគី​វៀតណាម​ក្នុង​ការទិញ​លក់​អាវុធ​ដែរ​។​

លោកនាយក​រដ្ឋមន្ត្រី ស៊ូហ្កា បានលើកឡើង​ថា៖«​យើង​បាន​ឯកភាព​ជំនួប​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​ឲ្យ​បាន​លឿន និង​ព​ន្លឿ​ន​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​លក់​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​»​។ លោក ស៊ូហ្កា ​បន្ថែមថា​ជំនួប​ខាងលើនេះ គឺជា​ការលើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​លើ​ការ​ការពារជាតិ និង​សន្តិសុខ ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរ​ស្ថានភាព​ក្នុង​តំបន់​។​

​ដោយឡែកលោកប្រធានាធិបតី​ឥណ្ឌូណេស៊ី វី​ដូ​ដូ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា លោក ចូ​កូ​វី បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ថា ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ហ្សា​ការ​តា គឺ​សំខាន់​ណាស់ ក្នុងស្ថានភាព​អាមេរិក​-​ចិន កំពុងមាន​ភាព​តានតឹង​ជាមួយគ្នា​។ ដោយការឯកភាព​ព​ន្លឿ​ន​លើ​កិច្ចចរចា​លក់​អាវុធ​នេះ ធ្វើឡើង​ក្នុងពេល​ចិន កំពុង​ធ្វើ​សកម្មភាព​យ៉ាងខ្លាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​។

សូមជម្រាបថា គិតពី​ឆ្នាំ​២០១៤​មក ជប៉ុន​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​សម្ភារ​ការពារ និង​បច្ចេកវិទ្យា​ជាមួយ​ហ្វីលីពីន និង​ថ្មីៗ​នេះ ជាមួយ​វៀតណាម​។ ក្រៅពី​កិច្ចចរចា​លក់​អាវុធ ជប៉ុន​ក៏បាន​សន្យា​ផ្តល់ប្រាក់​កម្ចី​ប្រមាណ ៤៧៣​លាន​ដុល្លារ ក្នុង​អត្រា​ការប្រាក់​ទាប ដល់​ឥណ្ឌូណេស៊ី​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​បង្កដោយ​COVID-19 ។ ជាក់ស្តែងកាលពី​ខែកុម្ភៈ ទីក្រុង​តូ​ក្យូ ក៏​ឲ្យ​ទីក្រុង​ហ្សា​រកា​តា​ខ្ចីលុយ​ប៉ុន្មាន​ពាន់​លាន​យ៉េន​ផងដែរ​ ។

គួរបញ្ជាក់ថា ក្នុងនាម​ជា​បងធំ​នៅ​អាស៊ាន ឥណ្ឌូណេស៊ី មិន​ចង់​ពាក់ព័ន្ធ​នឹង​ការប្រឈមមុខ​ដាក់គ្នារ​វាង​ចិន និង​អាមេរិក​នៅក្នុង​តំបន់​ឡើយ​។កន្លងមក​ឥណ្ឌូណេស៊ី បាន​បណ្ដេញ​ទូក​ល្បាត​ចិន​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ហើយ​ថែមទាំង​បដិសេធ មិន​ឲ្យ​យន្តហោះ​ស៊ើបការណ៍​អាមេរិក​ចុះចត ដើម្បី​ចាក់​សាំង​ថែមទៀត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print