ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រាបបង្គំទូលថ្វាយ សារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លា ព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រាបបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមសម្តែងនូវកតញុតាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណនៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋរបស់ព្រះរុណាអម្ចាស់ជីវិតលើត្បូង ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងមានវឌ្ឍនភាពលើគ្រប់វិស័យ ព្រមទាំងនាំមកនូវសុខដុមរមនាជូនប្រជារាស្រ្តខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើមកបីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តខ្មែរជានិច្ចជានិរន្តរ៍តរៀងទៅ៕
ដោយ៖ សិលា