ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីស្រ្តីម្នាក់ និងវាយជនរងគ្រោះបណ្តាលអោយបែកក្បាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលaម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចពេទ្យវិសាលសុខ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុន គីមស្រៀង អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ចំណែកជនសង្ស័យមានឈ្មោះ ហេង សុវណ្ណរ័ត្ន អាយុ១៦ឆ្នាំ ជាសិស្សសាលាAIS បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្តុបពី ពណ៍ក្រហម ពាក់ស្លាកលេខ កណ្តាល 1R 0950 ជិះចេញពីកន្លែងធ្វើការនៅម្តុំផ្សារបឹងកេងកង បំណងត្រឡប់ទៅផ្ទះ ខណះមកដល់ខាងមុខផ្ទះទៅហើយនោះ ស្រាប់តែមានក្រុមជនសង្ស័យជាច្រើននាក់ បានជិះមកឈប់និងដកកាំភ្លើងខ្លីធ្វើសកម្មភាពភ្ជង់ប្លន់ និងវាយមួយស្នាប់កាំភ្លើងបណ្តាលអោយបែកក្បាល រួចយកម៉ូតូទៅបាត់តែម្តង។ភ្លាមនោះស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ គាប់ជួនពេលទៅដល់មន្ទីរពេទ្យស្រាប់តែប្រទះឃើញជនសង្ស័យយកម៉ូតូរបស់ខ្លួនទៅផ្ញើរនៅចំណតម៉ូតូពេទ្យ ហើយដោយក្រុមគ្រួសារជាសមត្ថកិច្ចដែរនោះក៏បានទំនាក់ទំនងទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន។
ប្រភពបន្តថា ប្រមាណកន្លះម៉ោងក្រុមជនសង្ស័យបានត្រឡប់មកយកម៉ូតូវិញ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថបានចូលទៅឃាត់ក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ ពេលនោះបក្សពួកជនសង្ស័យបានដកកាំភ្លើងចេញេពីចង្កេះ បងប្អូនជនរងគ្រោះឃើញដែលជាសមត្ថកិច្ចដែរនោះ បានបាញ់ឡើងលើគំរាម១គ្រាប់ ទើបបក្សពួកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ប៉ុន្តែឃាត់បានម្នាក់ដែលចូលទៅយកម៉ូតូ។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដើម្បីធ្វើការសួរនាំ ស្វែងរកតាមចាប់បក្សពួកបន្ត រួចកសាងសំណុំរឿងបញ្ចូនទៅអសវុធហត្ថរាជធានីភ្នំពេញ រង់ចាំចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ