ភ្នំពេញ៖ បើតាមការសង្កេតមើលពីទិដ្ឋភាពជាក់ស្តែងមួយចំនួន ដែលបានឆ្លុះបញ្ជាំងឲ្យឃើញថា មនុស្សជាច្រើនបានបង្កើតទម្លាប់អាក្រក់មួយនៅពេលញុំអីរួច តែងតែទុកចានចោល មិនលាង ទាំងនេះហើយដែលនាំឲ្យសុខភាពរបស់ពួកគេទ្រុឌទ្រោមដោយមិនដឹងខ្លួន។
តោះបើចង់ដឹងច្បាស់សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖
១. ត្រាំចានចោលរយៈពេលយូរ៖ ក្រោយញ៉ាំរួច មនុស្សជាច្រើនតែងតែហត់ឬងងុយគេងជាដើម ហេតុនេះពួកគេក៏សម្រេចចិត្តថាទុកចានចោលមួយសន្ទុះសិន ហើយខ្លះថែមទាំងត្រាំចានចោលអស់មួយយប់ទៀត ទាល់តែព្រឹកឡើងទើបប្រមូលលាងក៏មាន។ នេះ ជាកំហុសមួយព្រោះសំណល់ម្ហូបអាហារលើចាន នឹងក្លាយជាបាក់តេរីយ៉ាងច្រើន ហើយបើអ្នកមិនបានលាងដោយប្រុងប្រយ័ត្នទៀត វានឹងឆ្លងចូលរាងកាយហើយនេះនៅមិនទាន់រាប់បញ្ចូលពេលអ្នកត្រាំចង្កឹះដែលធ្វើពីឬស្សី ឬ ឈើផង។ ដូច្នេះ វិធីល្អបំផុតសម្រាប់ការលាងចាននិងចង្កឹះបានត្រឹមត្រូវ គឺលាងក្រោយញ៉ាំរួចភ្លាមៗ ព្រោះអាចចៀសវាងបាក់តេរីនិងផ្សិតកកកុញលើចានបាន។
២. ចាក់សាប៊ូផ្ទាល់លើចានតែម្តង៖ យកសាប៊ូរោយលើចានដោយផ្ទាល់តែម្តង ធ្វើឲ្យកំណកសាប៊ូជាប់លើចាន និងពិបាកដុសលាងឲ្យស្អាត១០០%។ បើលាងមិនស្អាត សារធាតុសាប៊ូនឹងចូលទៅបំផ្លាញស្រទាប់ក្រពះ ដែលបណ្តាលឲ្យរាគបាន។ វិធីត្រឹមត្រូវ គឺត្រូវរកកាធុនធំល្មមមួយដោយចាក់សាប៊ូលាយជាមួយទឹក បន្ទាប់មកទើបលាងចាននៅក្នុងនេះ។ លើសពីនេះ ក្រោយពីលាងចាននិងចង្កឹះជាមួយសាប៊ូរួច អ្នកគួរលាងជាមួយទឹកស្អាតចំនួន២ -៣ដង បន្ថែមទៀត។ ចំពោះសមវិញ អ្នកគួរលាងទឹកក្តៅជំនួសការប្រើសាប៊ូ ដែលនេះក៏ជាវិធីល្អមួយដែរ។
៣. យកប៉ុងលាងចាន ទៅជូតជញ្ចាំងផ្ទះបាយ ឬប្រើចម្រុះ៖
កុំប្រើប៉ុងសម្រាប់លាងចានផង ជូតជញ្ចាំងផង ឬកន្លែងផ្សេងៗក្នុងផ្ទះបាយឲ្យសោះ។ អ្នកគួរបែងចែកឲ្យដាច់ មិនត្រូវប្រើលូកឡំគ្នាឡើយ ព្រោះនេះជាកំហុសដ៏ធំមួយដែលបំផ្លាញសុខភាពបំផុត។ ម្យ៉ាងទៀត ក្រោយពីប្រើប៉ុងលាងចានរួច គួរជម្រះវាជាមួយទឹកស្អាត រួចទុកនៅកន្លែងស្ងួត។ កុំគ្រាន់តែលាងចានរួច បោះទុកចោលដោយគ្មានលាងទឹកសោះ។
៤. អត់ទុកចានឲ្យស្រកទឹកសិន មុនពេលយកទៅដាក់ក្នុងទូចាន៖
មនុស្សជាច្រើនគិតថា ពេលលាងចានរួចគួរប្រញាប់ដាក់ក្នុងទូចាន ដើម្បីកុំឲ្យមានធូលី។ តែពេលបរិយាកាសសើម និងផ្អាប់ផ្អូរ វានឹងធ្វើឲ្យមានក្លិនមិនល្អ ។ ម្ល៉ោះហើយ អ្នកគូរមានកន្សែងជូតចានឬចង្កឹះឲ្យស្ងូតសិន សឹមប្រមូលទុកក្នុងក្នុងទូចាន៕ដោយ៖សហការី