នៅពេលដែលពិភពលោកជិតមានព្រឹត្តិការណ៍សំខាន់ ទទួលបានការចាប់អារម្មណ៍ខ្ពស់ មានដូចជា បាល់ទាត់ពិភពលោក ឬបោះឆ្នោតអាមេរិកជាដើម គឺតែងតែមានការព្យាករពីលទ្ធផលជាមុន ហើយការព្យាករនោះគឺតាមរយៈសត្វគ្រប់ប្រភេទ។
ពេលនេះការបោះឆ្នោតអាមេរិក កាន់តែខិតជិតមកដល់ សួនសត្វមួយកន្លែងក្នុងទីក្រុង Krasnoyarsk, Siberia ប្រទេសរុស្ស៊ី គឺសួនសត្វRoyev Ruchey បានព្យាករពីបុគ្គលដែលជាប់ឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ២០២០។
នៅក្នុងឃ្លីបវីដេអូ ដែលសារព័ត៌មាន Moscow Times បង្ហោះ គឺ«គ្រូទាយជើង៤សត្វខ្លា» ឈ្មោះ Khan ជាសត្វខ្លាBengalពណ៌ស ដ៏កម្រ និងសត្វខ្លាឃ្មុំBuyan គឺបានទៅកាន់បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិនមុនលោកត្រាំ។ ចំណែកសត្វខ្លា Amur បានជ្រើសរើសលោកត្រាំមុនលោកបៃឌិន។
នៅក្នុងការទស្សន៍ទាយរបស់សត្វខ្លា ឈ្មោះ Khan គឺសំដៅទៅស៊ីផ្លែឪឡឹក ដែលមានរូបភាពលោកបៃឌិន ហើយព្រងើយចំពោះឪឡឹកមានឈ្មោះលោកត្រាំ។ ដូចគ្នានោះដែរ ខ្លាឃ្មុំ Buyanក៏សំដៅទៅកាន់ផ្លែឈើមានរូបលោកបៃឌិនដូចគ្នា។ ចំណែក សត្វខ្លាAmur បានជ្រើសរើសយករូបលោកត្រាំទៅវិញ។
សួនសត្វ Royev Ruchey បានចេញមុខបកស្រាយទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋថា មិនមានការលម្អៀងនោះឡើយ គឺផ្លែឪឡឹកដូចគ្នាទាំងអស់ ។
កាលពីបោះឆ្នោតឆ្នាំ២០១៦ សត្វខ្លាឃ្មុំ ទឹកកក ឈ្មោះFelix មកពីសួនសត្វRoyev Ruchey បានព្យាករថា លោកត្រាំទទួលបានជ័យជម្នះ ហើយពេលនោះលោកត្រាំពិតជាទទួលបានជ័យជម្នះដូចការព្យាករមែន បើទោះបីការស្ទង់មតិមានលទ្ធផលលោកស្រីហីុលឡារី គ្លីនតុននាំមុខក្តី។
មកទល់ពេលនេះមានពលរដ្ឋអាមេរិក ជាង៧០លាននាក់ហើយបានទៅបោះឆ្នោតមុនកំណត់ដែលមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ អ្នកដែលបានបោះឆ្នោតរួចគឺមានការគាំទ្របេក្ខភាពច្បាស់លាស់របស់ខ្លួនមិនមានការកែប្រែនៅនាទីចុងក្រោយឡើយ៕
https://youtu.be/D6dSt5qO7yU