ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩នៅក្នុងតំបន់អាស៊ានបានកើនឡើងខ្ពស់គួរឲ្យបារម្ភ ក្នុងនោះមានប្រទេស មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម ។
គិតមកដល់ថ្ងៃទី២៧ ខែតុលា នៅក្នុងតំបន់អាស៊ានទាំងមូលមានចំនួនអ្នកឆ្លងសរុបដល់ទៅ៩០៩.២៩២នាក់និងស្លាប់ ២២.០៧៥នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយ ដល់ទៅ៧៦០.០៤៤នាក់ផងដែរ ។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកប្រទេសអាស៊ានមានករណីឆ្លងថ្មីចំនួន៧.៣៥៩នាក់ និងស្លាប់ថ្មី១៤២នាក់។ ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ ស្ថិតនៅ៤ប្រទេសគឺ Philippines, Indonesia, Myanmar និង Malaysia។ ក្នុងចំណោមប្រទេសទាំងនោះមាន មីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ី ឆ្លងរាលដាលគួរឲ្យបារម្ភបំផុត។
បច្ចុប្បន្នឥណ្ឌូនេស៊ីមានករណីឆ្លងខ្ពស់បំផុតនៅតំបន់អាស៊ាន ដោយមានអ្នកឆ្លងដល់ទៅ៣៩៦.៤៥៤នាក់ និងស្លាប់១៣.៥១២នាក់។លំដាប់ទីពីរ គឺហ្វីុលីពីន ដែលមានអ្នកឆ្លង ៣៧៣.១៤៤នាក់និងស្លាប់៧.០៥៣នាក់។ ក្នុងចំណោមប្រទេសតំបន់អាស៊ានមានប្រទេសប្រ៊ុយណេ ឡាវ និងទីម័រ មិនមានករណីឆ្លងថ្មី ឬស្លាប់ម្នាក់ណាឡើយក្នុងពេល២៤ម៉ោងកន្លងមក។
តាមគេហទំព័រWorldometerនៅលើពិភពលោកគិតមកដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៨ខែតុលា មានអ្នកឆ្លងសរុប៤៤.៣៥៧.៦៧១នាក់ និងស្លាប់ ១.១៧៣.៨០៨នាក់។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ ៣២.៥០៥.១៥៥នាក់ផងដែរ ៕