ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យ និងវាយតម្លៃការខូចខាតដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀងនៅឃុំទួលស្តីនិងឃុំចន្ទ្រា ស្រុកចន្ទ្រា ដើម្បីប្រើកម្លាំងសរុបចុះធ្វើអន្តរាគមន៏ជួយស្តារឡើងវិញទៅតាមតំបន់ដែលបានខូចខាតនៅក្នុងខេត្តស្វាយរៀង។
ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២ កើតខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អមដំណើរដោយលោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង តំណាងនាយកដ្ឋានផែនការ-គណនេយ្យ និងលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងមន្ត្រីជាច្រើនរូបទៀត។
បន្ទាប់ពីចុះពិនិត្យ និងវាយតម្លៃ ការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងនៅឃុំទួលស្តីនិងឃុំចន្ទ្រា រួចមក លោកគឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមបង្ការ និងកាត់បន្ថយផលប៉ះពាល់នានាដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះឲ្យបានជាអតិបរមា ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ប្រកាន់ខ្ជាប់នូវការអនាម័យដើម្បីចៀសផុតពីជំងឺផ្សេងៗ ក្នុងករណីមានការប្រឈមណាមួយកើតឡើងក្នុងអំឡុងពេលនេះ។
លោកគឹម សុន ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ ហើយរដ្ឋបាលស្រុក កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដើម្បីជួយអន្តរាគមន៍សង្គ្រោះ ឧបត្ថម្ភ និងដោះសា្រយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះផងដែរ៕ ដោយ៖ យឹម សុថាន